សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសឹង្ហបុរី (Video Inside)
សម្ដេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសឹង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ រវាងពីថ្ងៃទី២ ដល់៤មិថុនាខាងមុខនេះ នឹងមានកិច្ចពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ ដូចជា បញ្ហាឥណ្ឌូប៉ាស៊ីហ្វីក, ភាពជាដៃគូថ្មី និងការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីក្នុងប្រទេសសឹង្ហបុរី នឹងមានការចូលរួមពិបណ្តារដ្ឋមន្ត្រីការពារជាតិ នៃប្រទេសដែលជាប់ពាក់ព័ន្ធ ក្នុងនោះរួមមានមកពីប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងថ្លែងសេចក្តីថ្លែងការណ៍មួយស្ដីពី «ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។
សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងប្រទេសសឹង្ហបុរី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួន ដូចជា៖ អូស្ត្រាលី សិង្ហបុរី និងប្រទេសចិន ក៏ដូចជាទទួលជួបសម្តែងការគួរសម ពីសំណាក់ឥស្សរជនសំខាន់ៗខ្លះទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕