លោកស្រី ពោធិតី សាវត្ថី៖ គណបក្សភ្លើងទៀនមានបំណងចង់នាំកម្ពុជា ទៅជាប្រទេសអ៊ុយក្រែនទី២ សូមប្រជាពលរដ្ឋកុំចាញ់កលនយោបាយគណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ
ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា គណបក្សភ្លើងទៀនមិនគោរព សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័នកំពូល ហើយបិទផ្លូវតវ៉ា។ មិនគោរពតាមច្បាប់ និងមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបែរជាប្រកាសកៀរគរធ្វើបាតុកម្ម គឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា គណបក្សភ្លើងទៀន ធ្វើជំនួញប្រជាធិបតេយ្យ មានបំណងចង់នាំកម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២សូម ប្រជាពលរដ្ឋកុំចាញ់កលនយោបាយ គណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ។ ការបញ្ជាក់នេះ ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកស្រី ពោធិតី សាវត្ថី បានអំពាវនាវដល់បរទេសឱ្យបញ្ឈប់ការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រជាជនកម្ពុជា ត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយក្រែនទេ។ លោកស្រីបន្តថា គណបក្សភ្លើងទៀន កំពុងតែលេងហ្គេមបរទេស ពួកគេមិនគោរពច្បាប់ពេលខ្លួនឯងធ្វើខុសគឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ទោះបីពុំមានគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក៍ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បើកសវនាការសម្រេចសេចក្តី តម្កល់សេចក្តីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទុកជាបានការ ដែលមានន័យថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពុំមានភាពស្របច្បាប់ចូល រួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ បានឡើយ៕
ដោយ៖ពលជ័យ