សម្តេចតេជោ ហ៊ុន សែន៖ ដំណើរការបោះឆ្នោតខាងមុខ នឹងមិនថយក្រោយដោយសារតែបក្សមួយ ឬពីរឡើយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដំណើរការបោះឆ្នោតខាងមុខ នឹងមិនថយក្រោយដោយសារតែបក្សមួយ ឬពីរឡើយ។

សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគូប្រកួតមួយដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

ជាមួយគ្នានេះសម្ដេច បានប្រាប់ទៅគណបក្សប្រឆាំងថា មិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយពាក់ព័ន្ធនឹងការសម្រចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបដិសេធការចុះបញ្ជីគណបក្សនយោបាយ ដោយសារការខ្វះឯកសារនោះឲ្យសោះ ព្រោះវាជាកំហុសខ្លួនឯង។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយទៅលើការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយសារជាសំឡេងរបស់សម្ដេចនាពេលកន្លងមកពាក់ព័ន្ធនឹងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅតែមានតម្លៃសម្រាប់ប្រើប្រាស់។

សម្ដេចតេជោ បញ្ជាក់ទៀតថា៖ ខ្ញុំបានផ្ដល់សារ ហើយសារខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបាច់ចេញសារទីពីរទេ សារទីមួយ នៅតែមានតម្លៃ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចថា ត្រូវចាប់យកទាំងអស់ អ្នកណាក៏ដោយដែលចេញមកបំផ្លាញ ស្ថិរភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺមិនឲ្យរួចខ្លួនឡើយ ។

សម្ដេចតេជោ បានបញ្ជាក់ថា ដំណើរការបោះឆ្នោតខាងមុខ នឹងមិនថយក្រោយដោយសារតែបក្សមួយឬពីរឡើយ បើទោះបីជាខំប្រឹងតវ៉ាដល់ណាក៏ដោយក៏មិនអាចទៅរួចដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះនៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ក្រោយចំណាយពេលសាងសង់ចំនួន ២៨ខែ និងស្ពានអាកាសឫស្សីកែវ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner