សម្តេចតេជោ ហ៊ុន សែន៖ ស្ពានឆ្លងទន្លេ ៣បន្ថែមទៀត នឹងសាងសង់នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ស្ពាន៣បន្ថែមទៀត នឹងបន្តសាងសង់នៅរាជធានីភ្នំពេញ។ សម្តេច បញ្ជាក់ថា ទី១-ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ទី២-ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។
សម្តេចបន្ថែមថា ផ្លូវល្បឿនលឿនទុកឲ្យគេវិនិយោគ តែយើងត្រូវចំណាយធ្វើស្ពាន។ សម្ដេចថា ខ្ញុំមិនចង់ឲ្យប្រជាពល នៅពេលឆ្លងស្ពានពេលណាក៏ត្រូវបង់លុយទេ ដូច្នេះហើយបានជាកន្លងទៅ យើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ហើយប្រជាជនចង់ឆ្លងប៉ុន្មានជើងឆ្លងទៅ។
សម្តេចតេជោ បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃប្រាំជើង បើបង់លុយប្រាំដង គឺមិនកើតទេ ដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តចំណាយថវិកាដើម្បីសាងសងស្ពាន។
សម្រាប់តម្រូវការស្ពានទី៣ សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ពានដែលម្ដុំចាក់អង្រែ ឆ្លងទៅព្រែកប្រា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះឯកឧត្តម ឃួង ស្រេង កំពុងចង់យកស្ពានដែកនៅឬស្សីកែវនេះ យកទៅដាក់នៅតំបន់ព្រែកប្រា។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពីគម្រោងការអភិវឌ្ឍផ្សេងៗជាច្រើនទៀតដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជា មានសុខសន្តិភាព។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ក្រោយចំណាយពេលសាងសង់ចំនួន ២៨ខែ និងស្ពានអាកាសឫស្សីកែវ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



