ក្រសួងកសិកម្ម កំពុងជំរុញការអនុវត្តគម្រោងថ្នាក់ជាតិតាមរយៈកម្មវិធីផលិតកម្មស្រូវ និងការនាំចេញអង្ករក្នុងខេត្តចំនួនបី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និ​ងការនាំចេញអង្ករ (Rice-SDP) នៅខេត្តចំនួនបីរួមមាន ខេត្តកំពង់ធំ បាត់ដំបង និងខេត្តព្រៃវែង  ដោយទទួលបានហិរញ្ញប្បទា​នបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី (ADB)។

យោងតាមអគ្គនាយកដ្ឋានក​សិកម្ម នាថ្ងៃទី​២៩ ខែឧសភា បាន​ឱ្យដឹងថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនា​យក នៃអគ្គនាយកដ្ឋានក​សិកម្ម ឯកឧត្តម ងិន ឆាយ បានលើកឡើង​ក្នុង​​កិច្ចប្រជុំស្តីពីការចុះកិច្ចព្រមព្រៀងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២៣-២០២៤ ក្រោមក្របខ័ណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលទទួលបានហិរញ្ញប្បទានបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី ​ថា តាមរយៈហិរញ្ញប្បទានADB នៅក្នុងឆ្នាំ២០២៣នេះ​ អង្គភាព MAFF-NIO នឹងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រចំនួន ១ ៨០០ តោន។​ក្នុងចំណោមគ្រាប់ពូជនេះ ប្រភេទពូជស្រូវផ្ការំដួល ចំនួន ៩៧០ តោន និងសែនក្រអូប ចំនួន ៨៣០ តោ​ន ​បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋាន/ស្ថានីយកសិកម្ម ចំនួន៤ និងសហគមន៍កសិកម្ម ចំនួន១៥ ស្ថិតនៅក្នុងខេ​ត្តគោលដៅទាំងបី រួមមានខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង»។

តាមរយៈកិច្ចប្រជុំដដែលនោះ ភាគីពាក់ព័ន្ធ បានលើកឡើងពីបញ្ហាដែលធ្លាប់កើតមានក្នុងអំឡុងពេលនៃការអនុវត្តកិច្ចសន្យា និងពិភាក្សារួមគ្នាដើម្បីរកដំណោះស្រាយឈានទៅការពង្រឹងផលិតកម្មគ្រាប់ពូជស្រូវឱ្យកាន់តែមានគុណភាពល្អប្រកបដោយភា​ពជឿជាក់ និងមានការទទួលស្គាល់កាន់តែទូលំទូលាយពីកសិករ សហគមន៍កសិកម្ម ក្រុមកសិករផលិតស្រូវ និងវិនិយោគិននា​នានៅទូទាំងប្រទេស។

ស្ថិតនៅក្នុងកិច្ចប្រជុំនោះដែរ លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង បានបង្ហាញពីការសំណូមពរមួយចំនួន ទៅកាន់អគ្គនាយកដ្ឋានកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ីទាក់ទងនឹងបញ្ហាបច្ចេកទេសនិងការគាំទ្រផ្តល់ឃ្លាំងសម្រាប់ស្តុកពូជ ដែលអាចរក្សាគុណភាពពូជស្រូវឱ្យបានល្អ រួមទាំងការផ្តល់សម្បកវេចខ្ចប់មកកាន់សហគមន៍ផងដែរ។

លោកបានឱ្យដឹងថា​ ដោយសារតែតម្រូវការពូជស្រូវមានការកើនឡើង សហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង ដែលស​ព្វថ្ងៃមានសមាជិក២២៦គ្រួសារ  នឹងបង្កើនចំនួនសមាជិកថែមទៀត ដើម្បីជំរុញឱ្យការផលិតពូជស្រូវសុទ្ធ ជាពិសេសផ្ការំដួល និងសែនក្រអូប០១នេះ​ គ្រប់ទៅតាមផែនការដែលបានកំណត់។

លោក ឃុន សាអែម បានបញ្ជាក់ដូច្នេះថា ៖ «​ចំពោះការស្នើសុំសម្បកវេចខ្ចប់នេះ យើងបានស្នើដល់ខាងគម្រោងថ្នាក់ជាតិស​ម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) បោះពុម្ពផ្លាកសញ្ញារបស់សហគមន៍ភ្ជាប់ទៅជាមួយផង ព្រោះថា គុណភាពពូជស្រូវរបស់សហគមន៍មានស្តង់ដារខ្ពស់ និងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ច្រើន»។

លោកបន្តថា គ្រាប់ពូជស្រូវ ដែលផលិតដោយសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែងមិនត្រឹមតែលក់នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះទេ ថែមនាំចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដូចជា ខេត្តកំពង់ធំ កំពង់ចាម តាកែវ ស្វាយរៀង មណ្ឌលគិរី រតនៈគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំងជាដើម។

កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ចែកចែញជាពីរប្រភេទ ទី១ កម្មវិធីកម្ចី (Program Loan) ជាកម្ចីដែលទ្រទ្រង់ថវិការបស់ជាតិឱ្យមានតុល្យភាព តែត្រូវអនុវត្តទៅតាមកម្មវិធីដែលអេឌីប៊ីតម្រូវ(បំពេញលក្ខខណ្ឌ) ​ដូចជាការធ្វើច្បាប់ និងកំណែទម្រង់​។ ដោយឡែកគម្រោងកម្ចី(Projec Loan) គឺជាការធ្វើសកម្មភាពនៃថវិកាដែលបានខ្ចីនៅក្នុងគម្រោងតែម្តង។ជំនួយហិរញ្ញប្បទានរបស់ អេឌីប៊ី នេះ គឺជាជំនួយសម្រាប់ទ្រទ្រង់វិស័យកសិកម្ម នៅក្នុងកម្ចីដែលទ្រទ្រង់ថវិកាជាតិ ឱ្យមានតុល្យភាព។

Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួនបួន និងរដ្ឋបាលខេត្តចំនួនបី រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងក​សិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និង​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែ​លជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ។

ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តកំពង់ធំ សរុបមាន ១៣ស្រុក ៩០ឃុំ និងអ្នកទទួលផលដោយផ្ទាល់ចំនួន ២២០០០នាក់ និ​ងដោយប្រយោលចំនួន ៦៦.០០០នាក់ ដែលភាគច្រើនជាកសិករ សហគមន៍កសិកម្ម កសិដ្ឋាន/ស្ថានីយកសិកម្ម ក្រុមអ្នកផលិតគ្រាប់ពូជស្រូវ រោងម៉ាស៊ីនកិនស្រូវ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៕

ដោយ៖វណ្ណ សុជាតា

ads banner