ហ្វីលីពីន អាមេរិក ជប៉ុន នឹងធ្វើសមយុទ្ធឆ្មាំសមុទ្ររួមគ្នាលើកដំបូង

ម៉ានីល៖ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធត្រីភាគីលើកដំបូង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំណាចរបស់ចិននៅក្នុងតំបន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Armand Balilo បាននិយាយនៅថ្ងៃចន្ទ ទី២៩ ខែឧសភា ថា សមយុទ្ធកាលពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកនៃខេត្ត Bataan របស់ហ្វីលីពីន គឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈអូស្ត្រាលីនឹងចូលរួមជាអ្នកសង្កេតការណ៍។

លោក Balilo បាននិយាយថា នាវាហ្វីលីពីនចំនួនបួនគ្រឿង និងពីរគ្រឿងពីសហរដ្ឋអាមេរិក និងជប៉ុន នឹងចូលរួមនៅក្នុងសមយុទ្ធ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីកែលម្អកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការអនុវត្តច្បាប់។
សមយុទ្ធដែនសមុទ្ររួមនេះ ធ្វើឡើងតាមការស្នើសុំរបស់ជប៉ុន និងសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ពោលគឺនៅក្នុងខែដែលទីក្រុងម៉ានីល បានចោទប្រកាន់ប្រទេសចិនពីការធ្វើសកម្មភាពគឃ្លើននៅសមុទ្រចិនខាងត្បូង ដែលចិនទទូចទាមទារស្ទើរតែទាំងមូលថាជាដែនទឹករបស់ខ្លួន។

លោក Balilo បានប្រាប់សន្និសីទសារព័ត៌មានថា ៖ «នេះគឺជាសកម្មភាពធម្មតាក្នុងចំណោមភ្នាក់ងារឆ្មាំឆ្នេរសមុទ្រទាំងអស់។ វាគ្មានអ្វីខុសក្នុងការធ្វើសមយុទ្ធជាមួយសមភាគីរបស់យើងនោះទេ»។

ប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក បានថ្កោលទោសជាញឹកញាប់ចំពោះការធ្វើយោធាកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបានព្យាយាមធ្វើទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយហ្វីលីពីន ចាប់តាំងពីលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំមុន។

គេសម្គាល់ឃើញថា ទំនាក់ទំនងហ្វីលីពីនជាមួយសហរដ្ឋអាមេរិក កាន់តែរឹងមាំឡើងៗក្រោមអាណត្តិរបស់លោក ម៉ាកូស ជាពិសេសលើកិច្ចសហប្រតិបត្តិការយោធា ខណៈប្រធានាធិបតីហ្វីលីពីនរូបនេះ ប្រកាន់ជំហរកាន់តែខ្លាំងឡើងលើការប្រព្រឹត្តរបស់ចិន រួមទាំងការបាញ់ «ឡាស៊ែរកម្រិតយោធា» ដាក់នាវាផ្គត់ផ្គង់ស្បៀងរបស់កងទ័ពជើងទឹកហ្វីលីពីន កាលពីពេលកន្លងទៅ៕

ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Philippines, US, Japan to hold first joint coast guard exercise https://www.channelnewsasia.com/world/philippines-japan-us-joint-coast-first-exercise-3522991

ads banner