ក្រុងទេសចរណ៍ចំនួនពីរ បានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមជាផ្លូវការ ដែលមានសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ
កំពត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមក្នុងក្រុងទេសចរណ៍នៃខេត្តកំពត និងខេត្តកែប ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះនៅទីតាំងផ្សេងគ្នា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត និងខេត្តកែប ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្នុងខេត្តកំពតថា ទីលានទុកដាក់សំរាមទាំងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញទីតាំងនេះ ពិសេសខេត្តកំពតជាខេត្តទេសចរណ៍។ ដូច្នេះ ទីលានចាក់សំរាមនេះ វាក៏ចូលរួមកាត់បន្ថយការចោលសំរាមនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិស្ថានជុំវិញខេត្តនេះផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា៖ «នេះជាផ្នែកមួយនៃការថែរក្សាសុខភាព សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ យើងមានទីលានទុកដាក់សំរាមសម្រាប់ប្រមូលសំរាមដែលបោះបង់ចោលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយមួយវិញទៀតខេត្តកំពតជាខេត្តទេសចរណ៍។ អ៊ីចឹងយើងក៏មិនចង់ឃើញសំរាមដាក់ចោលតាមផ្លូវ គ្មានកន្លែងទុកដាក់ត្រឹមត្រូវនោះដែរ»។
បន្ទាប់ពីប្រកាសបើកសម្ពោធទីលានចាក់សំរាមនៅខេត្តកំពតរួច ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូពាក់ព័ន្ធ បានចូលរួមសម្ពោធទីលានទុកដាក់សំរាមមួយទៀតក្នុងខេត្តកែបនាថ្ងៃដដែលនោះដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងពិធីថា ទីលានទុកដាក់សំរាមក្នុងខេត្តកែបនេះ អាចផ្ទុកសំរាមបានដល់ ៦០ម៉ឺនម៉ែត្រគូប ដែលប្រើប្រាស់បានក្នុងរយៈពេល ២០ឆ្នាំ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ៖ «ទីលានទុកដាក់សំរាមនេះ ក៏ជាផ្នែកមួយក្នុងការថែរក្សាសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ បើសិនគ្មានកន្លែងទីលានទុកដាក់សំរាមត្រឹមត្រូវទេ វានាំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងដែរ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ទីលានទុកដាក់សំរាមដែលមានស្ដង់ដានេះ ជាសមទ្ធិផលមួយដ៏ថ្លៃថ្លា ក្នុងការចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺរួមចំណែកធ្វើបរិស្ថានស្អាត ស្របពេលដែលខេត្តនេះជាខេត្តទេសចរណ៍។
ឯកឧត្តមបានថ្លែងថា ៖ «ទីលានទុកដាក់សំរាមនេះមិនត្រឹមតែអាចប្រើប្រាស់ក្របខ័ណ្ឌរដ្ឋបាលខេត្តប៉ុណ្ណោះទេ ប៉ុន្តែទីលានទុកដាក់សំរាមនេះ ក៏អាចបើកឱ្យប្រើប្រាស់ដើម្បីទុកដាក់សំរាមសំណល់រឹងពីរដ្ឋបាលស្រុកមួយចំនួនក្នុងខេត្តកំពត និងក្បែរៗខេត្តកែបផងដែរ»។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តកែបបច្ចុប្បន្ននេះ សំរាមសំណល់រឹងដែលបញ្ចេញគ្រប់ទីកន្លែងក្នុងខេត្តកែបក្នុងមួយថ្ងៃប្រហែល ៥០ តោន ដោយមិនគិតបញ្ជូលរួមទាំងថ្ងៃបុណ្យ និងថ្ងៃសម្រាក ដែលលើសពីបរិមាណក្នុងមួយថ្ងៃ។
ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ៖ «ផ្អែកលើបញ្ហានេះ ទីលានទុកដាក់សំរាមក្នុងខេត្តកែបនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ក្នុងបរិបទនេះផ្នែកសុខភាព ហើយរដ្ឋបាលខេត្ត នឹងយកចិត្តទុកដាក់បន្តទៀត ដើម្បីរៀបចំ និងស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួង ស្ថាប័នជំនាញ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់គ្រប់គ្រងទីលានទុកដាក់សំរាម»។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ទីលានទុកដាក់សំរាមខេត្តកំពត ចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលបានសាងសង់អស់ថវិកាជាង ៣លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទីលានទុកដាក់សំរាមនេះ មានទំហំផ្ទៃដី ១០ហិកតា ដែលអាចទទួលបានបរិមាណសំរាមជាង ៣៤ម៉ឺនម៉ែត្រគូប ហើយអាចប្រើប្រាស់បានក្នុងរយៈពេល ២០ឆ្នាំ។
ចំណែកទីលានទុកដាក់សំរាមក្នុងខេត្តកែប ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៤ហិកតា ដែលមានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០ម៉ឺនម៉ែត្រគូប ហើយប្រើប្រាស់បានក្នុងរយៈពេល ២០ឆ្នាំ។ ទីលានទុកដាក់សំរាមថ្មីនេះ បានប្រើប្រាស់ថវិកាសសាងសង់ជាង ១០លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕
ដោយ៖ជា សុខនី



