សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវលើកទឹកចិត្តជនពិការ ដោយថា ពិធីបើក និងបិទព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម មិនចាញ់ស៊ីហ្គេមទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវលើកទឹកចិត្តជនពិការ ដោយបញ្ជាក់ថា ពិធីបើក និងបិទព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម យើងមិនធ្វើមិនឲ្យចាញ់ស៊ីហ្គេមទេ ហើយដើម្បីគាំទ្រកីឡាជនពិការ សម្តេចតេជោ ក៏បានណែនាំឲ្យមានការបាញ់កាំជ្រួចលើសពីស៊ីហ្គេមទៅទៀត ។ សម្តេច បញ្ជាក់ថា យើងត្រូវលើកទឹកចិត្តជនពិការរបស់យើង យើងត្រូវលើកទឹកចិត្តជនពិការក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង ដើម្បីឲ្យពួកគេប្រឹងប្រែងឡើង ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ក្រោយចំណាយពេលសាងសង់ចំនួន ២៨ខែ និងស្ពានអាកាសឫស្សីកែវ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ពិការរាងកាយ ប៉ុន្តែមិនពិការខាងផ្លូវចិត្តទេ យើងមិនគ្រាន់តែគាំទ្រជនពិការកម្ពុជាទេ គឺយើងជាសមាជិកអាស៊ាន យើងត្រូវជំរុញសមាហរណកម្មអាស៊ាន ។ អាស៊ានប៉ារ៉ាហ្គេម ជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជាចូលទៅក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏ជាផ្នែកមួយ នៃការធ្វើសមាហរណកម្មអាស៊ានដែរ ។
សម្តេចតេជោ ក៏បានកោតសរសើរដែរថា កម្ពុជា ធ្វើស៊ីហ្គេមកន្លងផុតទៅជាមួយនឹងភាពជោគជ័យ ខ្ញុំនិយាយម្តងហើយម្តងទៀតថា ខ្ញុំប្រើពាក្យថា ឥតខ្ចោះ ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក


