អង្គការណាតូធ្វើសមយុទ្ធយោធាអាក់ទិក និងសន្យាការពារហ្វាំងឡង់
បរទេស៖ បណ្តាប្រទេសសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាអាក់ទិក ជាមួយនឹងការសន្យាការពារសមាជិកថ្មីរបស់ពួកគេ គឺប្រទេសហ្វាំងឡង់ ដែលកំពុងធ្វើជាម្ចាស់ផ្ទះការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូងេនះ ចាប់តាំងពីក្លាយជាផ្នែកនៃសម្ព័ន្ធភាពលោកខាងលិចកាលពីខែមេសា។

បណ្តាប្រទេសសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាអាក់ទិក ជាមួយនឹងការសន្យាការពារសមាជិកថ្មីរបស់ពួកគេ គឺប្រទេសហ្វាំងឡង់។ កងកម្លាំងសម្ព័ន្ធមិត្តជិត ១,០០០នាក់មកពីប្រទេសន័រវេស អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាស៊ុយអែតដែលស្នើសុំចូលជាសមាជិកណាតូ បានចូលរួមជាមួយកងទ័ពហ្វាំងឡង់ប្រមាណ ៦,៥០០នាក់ និងរថយន្តប្រហែល ១,០០០គ្រឿង នៅក្នុងសមយុទ្ធនាសប្តាហ៍នេះ។
យន្តហោះប្រហែល ១៥០គ្រឿងមកពីប្រទេសសមាជិកណាតូចំនួន ១៤ និងបណ្តាប្រទេសដៃគូផ្សេងទៀតក៏កំពុងចូលរួមក្នុងសមយុទ្ធ មានឈ្មោះ “Arctic Challenge 2023” ផងដែរ នេះបើយោងតាមទីបញ្ជាការកងទ័ពអាកាសរបស់អង្គការណាតូ។

ការបន្ថែមហ្វាំងឡង់ទៅក្នុងប្លុកយោធាណាតូ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

ហ្វាំងឡង់បានចូលរួមជាផ្លូវការជាមួយអង្គការណាតូនៅថ្ងៃទី០៤ ខែមេសា។ ចំណែកស៊ុយអែតសង្ឃឹមថា នឹងក្លាយជាសមាជិកអង្គការណាតូផងដែរ អំឡុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនៅទីក្រុង Vilnius ប្រទេសលីទុយអានី ក្នុងខែកក្កដាខាងមុខនេះ៕

ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា