ឯកឧត្តម ជាប ដាវុធ ៖ សូមចូលរួមថែរក្សានូវសមិទ្ធផលដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ដើម្បីប្រើប្រាស់បានច្រើនឆ្នាំតទៅមុខ
ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម បានអំពាវនាវចំពោះប្រជាពលរដ្ឋ សូមចូលរួមថែរក្សានូវសមិទ្ធផលដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ដែលយើងទទួលបាន ព្រោះថា ប្រសិនបើមានការថែទាំ និងជួសជុលដិតដល់ ផ្លូវនេះអាចប្រើប្រាស់បានរាប់សិបឆ្នាំតទៅមុខ ។

ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញសម្ពោធជាផ្លូវការ ផ្លូវបេតុងមួយខ្សែមានប្រវែង ៤០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៥៥០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជាអំណោយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល ។

ក្នុងឱកាសនេះ គណៈអធិបតីបានផ្តល់ជូននូវម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន ដែលជាអំណោយរបស់សប្បុរសជនជូនដល់ឃុំថ្មគរ និងឃុំទឹកឃ្លាំងសម្រាប់ប្រើប្រាស់ ការងាររដ្ឋបាល និងផ្តល់ជូនសម្លៀកបំពាក់ដល់ប្រជាការពារឃុំថ្មគរចំនួន ២៤នាក់ផងដែរ។ បន្ទាប់មកគណៈអធិបតីបានបន្តដំណើរទៅសួសុខទុក្ខស្ត្រីសម្រាលមាតុភាពចំនួន ៧គ្រួសារនៅភូមិផ្លូវត្រី និងភូមិថ្មគរ ឃុំថ្មគរ ៕






ដោយ ៖ ប៊ុន ធី