ម្ចាស់មេដាយមាស ងួន រតនា សង្ឈឹមខ្ពស់ការពារតំណែងមេដាយមាសអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្តូនេស៊ី
ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ នាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣នេះ ម្ចាស់មេដាយមាស អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ីឆ្នាំ កីឡាការិនី ងួន រតនា បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺបានហ្វឹកហាត់ត្រៀមលក្ខណៈបានយ៉ាងល្អ។

ម្ចាស់មេដាយមាសរូបនេះ បានបញ្ជាក់ទៀតថា នៅក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដែលកម្ពុជារៀបចំលើកទី១នេះ នាងមានក្តីសង្ឈឹមខ្ពស់នឹងដណ្តើមបានមេដាយមាសការពារតំណែងនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១បាន។ កីឡាការិនីម្ចាស់មេដាយមាសខាងលើ ពន្យល់ទៀតថា មេដាយមាសដែលរូបនាង ប្តេជ្ញាចិត្តដណ្តើមយកឲ្យបានពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាមេដាយ ដើម្បីតបស្នងទៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទូកដាក់ និងឧបត្ថម្ភដល់កីឡាករកីឡាការិនីជនមានពិការភាពគ្រប់ពេលវេលា។

សូមរំលឹកថា កីឡាការិនី ម្ចាស់មេដាយមាស ងួន រតនា មានស្រុក កំណើត នៅស្រុក ស្វាយទៀប ខេត្ត ស្វាយរៀង នាងគឺជាកូនទី១១ក្នុងចំណោមបងប្អូន១២នាក់ បានសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០១១ ជាបុគ្គលិកអង្គការមួយទទួលបន្ទុកផ្នែកអនាម័យ បន្ទាប់មកបានផ្លាស់ប្តូរបំរើការងារថ្មីនៅសាលាអន្តរជាតិហូឡូអាមេរិកាំងផ្នែកអនាម័យ លុះដល់ឆ្នាំ២០១២ ចាប់ផ្តើមហ្វឹកហាត់កីឡាការិនី ដោយផ្តើមចេញពីការហាត់ប្រាណ ហើយបានវិវឌ្ឍន៍សមត្ថភាពទៅជាកីឡាការិនីនៅក្នុងឆ្នាំ២០១៧ ទទួលបានឱកាសទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ី តែមិនទទួលបានមេដាយនោះទេ។ លុះដល់ឆ្នាំ២០២២អាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្តូនេស៊ី បន្ទាប់ពីអកខាន៤ឆ្នាំការទទួលរបស់ប្រទេសហ្វីលីពីននិងប្រទេសៀតណាម កីឡាការិនី ងួន រតនា ដណ្តើមបានមេដាយចំនួន២គ្រឿងជូនកម្ពុជា គឺមេដាយមាស១គ្រឿងលើវិញ្ញសារត់ ១៥០០ម៉ែ្រ និងប្រាក់ ១គ្រឿង លើវិញ្ញសារត់ ៤០០ម៉ែ្រ ៕


អត្ថបទ រូបភាព៖ ជាវ ចន្ធូ