លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។ នេះបើយោងតាមលិខិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោក អ៊ូ ច័ន្ទឫទ្ធិ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា “ខ្ញុំបាទត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យនេះដែរ ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីឱ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិបាន។”

ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទឫទ្ធិ បានសូមសម្ដេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឱ្យរូបលោកមានសេរីភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្តីអនុគ្រោះ៕
ដោយ៖ពលជ័យ

ads banner