វេទិកាទស្សនកិច្ចការងារ ចាប់ផ្តើមហើយថ្ងៃនេះនៅខេត្តបាត់ដំបង ដោយនាំយកឱកាសការងារសរុបជាង ១ម៉ឺន ៥ពាន់កន្លែងដល់យុវជន
(បាត់ដំបង)៖ ថ្ងៃនេះ វេទិកាទស្សនកិច្ចការងារ ៤ ខេត្ត ស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលនាំយកឱកាសការងារសរុបប្រមាណ ១.៥ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមដំបូងចេញពីខេត្តបាត់ដំបង ដោយមានការចូលរួមពីយុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករ។ វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។

លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានលើកឡើងថា៖ “វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយ នៃយន្តការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារ កិច្ចសម្ភាសន៍ការងារ និងពិព័រណ៌ការងារ ជាប្រចាំនៅតាមមជ្ឈមណ្ឌលការងារទាំង១៤ រាជធានី-ខេត្ត ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន សិស្ស/ និងអ្នកស្វែងរកការងារ។

បន្ទាប់ពីខេត្តបាត់ដំបង កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នឹងត្រូវរៀបចំបន្តទៀតក្នុងខេត្តសៀម នាថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត៕ ដោយ ហេង សម្បត្តិ



