គ្រូបង្វឹកបាល់បោះជិះរទះជនពិការកម្ពុជា ថ្លែងថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមកម្ពុជា ៣ទល់៣ ត្រូវតែការពារតំណែងមេដាយមាស និងវិញ្ញសា៥ ទល់ ៥ ដណ្តើមឲ្យបានមេដាយមាស
ភ្នំពេញ៖ គ្រូបង្វឹកកីឡាបាល់បោះជិះរទះបុរសនិងនារី លោក មុយ ស៊ឺ បានថ្លែង នាព្រឹកថ្ងៃ ៣១ ខែ ឧសភា ឆ្នាំ២០២៣ នៅទីលានក្នុងកីឡដ្ឋានមរតកតេជោថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ក្រុមកម្ពុជាទាំងក្រុមបុរសនិងក្រុមនារីបានត្រៀមខ្លួនរួចរាល់ហើយ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងស្មារតី ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជា។

គ្រូបង្វឹករូបនេះ បានអះអាងទៀតថា នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ី ក្នុងឆ្នាំ២០២២កន្លងទៅនេះ បាល់បោះជិះរទះកម្ពុជា វិញ្ញសាប្រកួត៣ទល់៣នារីយើងទទួលបានមេដាយមាស ដូច្នោះនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រុមកម្ពុជានារី៣ទល់៣ នឹងការពារតំណែងមេដាយមាសឲ្យបាន ខណៈវិញ្ញសា៥ទល់៥នារីដែលមិនទាន់ដណ្តើមបានមេដាយមាស ដាច់ខាតត្រូវតែប្រជែងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជា។

គ្រូបង្វឹកខាងលើ បានគូសបញ្ជាក់ទៀតថា សម្រាប់ការត្រៀមខ្លួនប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ហ្គេម លើកទី១២នេះ ក្រុមបាល់បោះជិះរទះកម្ពុជាយើង បានសិក្សាស្វែងយល់ពីក្រុមខ្លាំងៗដូចជាក្រុមប្រទេសនៅចំណុចខ្លាំងៗរបស់គេយកមកហ្វឹកហាត់បំបែកក្បួន និងចំណុចខ្វះខាតរបស់ក្រុមកម្ពុជា យើងពង្រឹងបន្ថែម ដើម្បីគុណភាពប្រកួតប្រជែងដណ្តើមបានជោគជ័យ។

កីឡាករកីឡាការិនីបាល់បោះជិះរទះ កីឡាករ សែម គឹមសួរ និង កីឡាការិនី ស៊ឹម ដា បានឲ្យដឹងដែរថា ការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ក្រុមកម្ពុជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្នុងនាមជាក្រុមម្ចាស់ផ្ទះ ដើម្បីការពារមេដាយ និងដណ្តើមបានមេដាយកំណត់ត្រាថ្មីជូនជាតិ។

គួររំលឹកថា សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើប្រភេទកីឡាបាល់បោះជិះរទេះនេះ គឺក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើវិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ទល់៥នាក់។ ប៉ុន្តែក្រុមបាល់បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ៕

អត្ថបទ៖ ជាវ ចន្ធូ