ថវិកាជាង ១៣ លានដុល្លារ កាកបាទក្រហមកម្ពុជាទទួលបានក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣
ភ្នំពេញ៖ ថវិកាសរុបជាង ១៣ លានដុល្លារអាមេរិក ត្រូវបានសប្បុរសជនរួមទាំងព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រនិងព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ បានចូលរួមបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា នាឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។
យោងតាមលិខិតថ្លែងអំណរគុណរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះថ្ងៃទី២៩ ខែឧសភា បានឱ្យដឹងថា ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣នេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពជា ដើម្បីបរិយាបន្នសង្គម»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងថា ៖ «ក្នុងនាមខ្ញុំផ្ទាល់ សូមក្រាបបង្គំថ្វាយអំណរ ព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមនឹងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា ៖ «គិតមកថ្ងៃនេះ មានសប្បុរសជនសរុបចំនួន ៩៩៧អង្គ/នាក់ បានធ្វើការបរិច្ចាគ ថវិកាសរុបចំនួន ១៣,៨១៨,៥៩២ ដុល្លារអាមេរិកមកកាកបាទក្រហមកម្ពុជា»។
ក្នុងនោះដែរ កាកបាទក្រហមកម្ពុជា ក៏ទទួលបាននូវរថយន្ត Pick Up ម៉ាក Ford Ranger XLS ឆ្នាំ២០២២ ពណ៌ស ១គ្រឿង, រថយន្តម៉ាក HYUNDAI VIP ៧កៅអី ឆ្នាំ២០២៣ ចំនួន ១គ្រឿង, រថយន្តដឹកជញ្ជូនចំណុះ ២,៥តោន ម៉ាក ISUZU ឆ្នាំ២០២៣ ១គ្រឿង, ម៉ូតូអគ្គិសនី ១០គ្រឿង និងមួកសុវត្ថិភាពចំនួន ៥០០ ថែមទៀត។
ជាមួយនឹងថវិកាទាំងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជានឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារៈដែលទទួលបានពីសប្បុរសជន ជួយប្រជាពលរដ្ឋរងគ្រោះបំផុត ប្រកបដោយតម្លាភាព។កាកបាទក្រហមកម្ពុជា នឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារៈដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
កាកបាទក្រហមកម្ពុជា ក៏បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការរួមចំណែក លើកកម្ពស់បរិយាបន្នសង្គមដែលមនុស្សគ្រប់ៗរូប ត្រូវបានទទួលការគោរព ការទទួលស្គាល់ពីសង្គម ការផ្តល់អំណាច និងផ្តល់ឱកាសចូលរួមការងារសង្គម និងទទួលផលពីការអភិវឌ្ឍដោយគ្មានអ្នកណាម្នាក់ត្រូវទុកចោលទ្បើយ។

ជុំវិញរឿងនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងថា ទីណាដែលមានការលំបាក មានទុក្ខ គឺកាកបាទក្រហមកម្ពុជាតែងតែចុះទៅជួយ ដោយមិនមាននរណាម្នាក់ត្រូវបានទុកចោល ឬក៏រើសអើងនោះឡើយ។
លោកបានថ្លែងឱ្យដឹងថា កាកបាទក្រហម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែបានជួយទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ រងគ្រោះដោយភ្លើងឆេះផ្ទះជាដើម។គឺជាចំណែកមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋាន ក្នុងជួយសម្រាកបន្ទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។
ជាមួយគ្នានោះ លោក ឌី រ៉ាដូ ក៏បានអំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធផលគួរចូលរួមបរិច្ចាគទៅដល់កាកបាទក្រហមកម្ពុជា ជាបន្តទៅទៀត ដើម្បីឱ្យក្រុមការងារ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះកាន់តែទូលាយ និងមានប្រសិទ្ធភាពជាងមុនផងដែរ។
ចំណែក លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងដែរថា នៅគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសណានោះទេ កាកបាទក្រហម បានដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង គ្មានការប្រកាន់ទិន្នាការនយោបាយឡើយ

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា កាកបាទក្រហម បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋបានច្រើនផងដែរ ជាពិសេសក៏បានរួមចំណែកជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និងបញ្ហាគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ ៕ ដោយ៖ជា សុខនី