របរលក់លៀសហាល នៅតែទទួលបានការគាំទ្រ និងពេញនិយមបរិភោគពីសំណាក់ពលរដ្ឋខ្មែរ
ភ្នំពេញ៖ លៀសគឺជាមុខម្ហូបអាហារដែលពលរដ្ឋខ្មែរយើងបានចេះកែច្នៃសម្រាប់បរិភោគអស់កាលយូរលង់ និងជាអាហារមិនចេះសាបសូន្យ ។
លៀសគេអាចកែច្នៃធ្វើមុខម្ហូបច្រើនមុខ ក្នុងនោះដូចជា ៖ ឆា ស្ងោរ និងពិសេសនោះគឺលៀសហាលដែលជាមុខម្ហូបមួយគេនិយមបរិភោគជាទូទៅ ។ បាយកកជាមួយលៀសហាល បាយក្តៅហុយៗជាមួយលៀសហាល គឺតែងដាស់អារម្មណ៍ឱ្យអ្នកបរិភោគ នឹកពីវាជានិច្ច។
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-31_15-46-49-1024x768.jpg)
នៅទីតាំងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាទីតាំងរស់នៅផ្តុំគ្នារបស់អ្នកប្រកបរបរលក់លៀសហាលតាមរទេះ ។ ចាប់ពីម៉ោង ៩ជាង ព្រឹកទៅ ពួកគាត់តែងតែរុញរទេះ និងខ្លះទៀតសណ្តោងរ៉ឺម៉កម៉ូតូដឹកលៀសដើរលក់ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ។
អ្នកស្រី អ៊ុច យ៉េម ជាអ្នកចំណាកស្រុកមកពី ខេត្តស្វាយរៀងបានប្រាប់ថា ក្រុមគ្រួសារ អ្នកស្រីបានលក់លៀសជាង ៣០ឆ្នាំមកហើយ ដែលកាលនោះលក់លៀសត្រឹមមួយកំប៉ុង៥កាក់ រហូតមកដល់ពេលនេះ ។
ស្រ្តីជាអ្នកលក់លៀសជើងចាស់វ័យ ៥៩ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងទៀតថា តាមពិតលៀស គឺជារបស់ល្អ វារស់នៅក្នុងទឹកល្អ ដូចជាក្នុងទឹកទន្លេ ទឹកបឹងហើយការយកមកធ្វើទៀតសោតក៏មានអនាម័យល្អធ្វើឱ្យក្លាយជាអាហារមិនត្រឹមមានអនាម័យទេ តែនៅមានរសជាតិឆ្ងាញ់ពិសារថែមទៀត ។
អ្នកស្រី រាជរិទ្ធ មកពីខេត្តស្វាយរៀង ដែលជាអ្នកលក់លៀសជាង ២០ឆ្នាំមួយរូបទៀតកំពុងតែម្នីម្នាផ្សំគ្រឿងលៀសដើម្បីប្រញាប់នាំចេញទៅលក់ឱ្យទាន់មុនម៉ោង ១១ព្រឹកបានប្រាប់ឱ្យដឹងថា របរលក់លៀសទាល់តែថ្ងៃក្តៅខ្លាំងទើបលក់ដាច់ តែបើមេឃស្រទុំវិញលក់មិនដាច់ទេ ហើយបើនៅសល់ច្បាស់ជាជូរខូចចាក់ចោលអស់ហើយ ។
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-31_15-46-54-1024x768.jpg)
ដោយឡែក លោក វង្ស វន្នី ឬហៅថា តាម៉ាប់ អ្នកចំណាកស្រុកមកពីខេត្តកណ្តាលបានប្រាប់ឱ្យដឹងថារបរលក់លៀសដាច់បំផុតក្នុងអំឡុងខែ១២ដល់ខែ ៣ និង ខែ ៤ ដែលមានឱកាសធាតុក្តៅខ្លាំង ។ សម្រាប់ខែវស្សា លោកលក់លៀសបន្តិចបន្តួចដោយសារតែខ្លាចលក់មិនដាច់នាំឱ្យខាតដើម ។ សម្រាប់ខែវស្សា លោកក៏តែងផ្លាស់ប្តូរ របរមកលក់ខ្ចៅ ខ្យង ឬពងទាកូនជំនួសវិញ ទម្រាំដល់រដូវលក់លៀសវិញ ។
អ្នកលក់លៀសវ័យ ៣៣ឆ្នាំ ដែលល្បីឈ្មោះថាលៀសឆ្ងាញ់គួរសម ហើយភរិយារបស់លោកតែងលក់នៅតំបន់ ផ្សារអូឡាំពិកផងនោះ បា្រប់ឱ្យដឹងថា លៀសដែល លោកយក មកលក់ជាលៀសល្អ ហើយគួបផ្សំការប្រឡាក់គ្រឿងបានឆ្ងាញ់ទៀតធ្វើឱ្យលក់ដាច់ មានអតិថិជននិយមចូលចិត្តច្រើន។
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-31_15-46-42-1024x768.jpg)
ទាក់ទិនក្នុងរឿងលក់លៀសនេះដែរ អ្នកស្រី គួច ស្រីកា អ្នកលក់លៀសប្រចាំនៅផ្សារកាប់គោបានប្រាប់ឱ្យដឹងដូចគ្នាថា របរលក់លៀសអាចដោះស្រាយជីវភាពបានល្អប្រសើរដែរ។ទោះបីយ៉ាងណាដោយសារអ្នកលក់លៀសម្នាក់ៗសុទ្ធតែជួលផ្ទះគេនៅធ្វើឱ្យជួបស្ថានភាពលំបាកនាពេលដល់រដូវលក់លៀសមិនសូវដាច់។
ស្រ្តីលក់លៀសហាល រូបនេះបានសំណូមពរឱ្យពលរដ្ឋកម្ពុជាចូលរួមទិញលៀសពីព្រោះថាលៀសពួកគាត់សុទ្ធតែលៀសល្អយកមកពីទន្លេ លៀសបឹង និងពេលផ្សំគ្រឿងទៀតសោតប្រកបដោយអនាម័យត្រឹមត្រូវល្អណាស់។
បើតាមអ្នកប្រកបរបរលក់លៀសហាល បានឱ្យដឹងថាលៀសហាលមានច្រើនរសជាតិ ដូចជាលៀសផ្សំគ្រឿងធម្មតា លៀសហឹរ និងលៀសអំពិលទុំ ជាដើម។តម្លៃលៀសហាលក្នុង១កំប៉ុងលក់ចាប់ពី២០០០ទៅ៦០០០រៀលតាមប្រភេទ លៀសតូចធំ និងលៀសល្អឬមិនសូវល្អជាដើម ៕
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-31_15-46-59-1024x768.jpg)
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត