ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា ឯកភាពគ្នាទៅលើការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណេត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា ឯកភាពគ្នាទៅលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ និងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណេត។ ពិធីនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

អនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយ ក្រសួងបរិស្ថាន និងកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១, ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងបរិស្ថាននិងសញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ ។ ២, រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលសម្រាប់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ។ ៣, រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថាន និង ៤, សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធ ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល ចំពោះគ្រឹះស្ថានឧត្ដមសិក្សា។ ជាមួយគ្នានេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ រវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការ នៃកម្ពុជា ផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសនោះឡើយ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner