ខែមិថុនាខាងមុខនេះ ខេត្តកែប នឹងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្ត
កែប៖ ខេត្តកែបនឹងប្រកាសបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល(ODF) ត្រឹមពាក់កណ្តាលខែមិថុនាខាងមុខនេះ ខណៈដែលខ្នងផ្ទះប្រជាពលរដ្ឋនៅទូទាំងខេត្តនេះ មានបង្គន់ប្រើប្រាស់រហូតដល់ ៩៨ភាគរយហើយ។
មន្ទីរព័ត៌មានខេត្តកែប បានលើកឡើងកាលពីថ្ងៃទី២៩ ខែឧសភា ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើនឹង២ភាគរយ ខណ:ខ្នងផ្ទះប្រជាពលរដ្ឋដែលមានបង្គន់ប្រើប្រាស់រហូត៩៨ភាគរយ ទូទាំងខេត្ត។ តាមផែនការត្រឹមពាក់កណ្តាលខែមិថុនាខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល។

មន្ទីរព័ត៌មានខេត្តកែបបានឱ្យដឹងទៀតថា មន្រ្តីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំពិនិត្យតាមដានស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅខេត្តកែបនេះផងដែរ។
តាមរយៈមន្ទីរព័ត៌មានខេត្តកែប ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងកិច្ចប្រជុំថា ដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់១០០ភាគរយដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៣នេះ។
ជុំវិញរឿងនេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភាថា ការបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្តនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះខេត្តកែបជាខេត្តគោលដៅទេសចរណ៍ ដែលមានតំបន់សមុទ្រដ៏ស្រស់ស្អាត។ ខេត្តនេះក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តគោលដៅទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ ផងដែរ ហេតុនេះទាមទារឱ្យអាជ្ញាធរខេត្តត្រូវមានការរៀបចំសម្បទាទេសចរណ៍ឱ្យបានសមស្របផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ៖ «ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ក្នុងការធ្វើឱ្យប្រជាពលរដ្ឋហូបស្អាត ផឹកស្អាត និងមានការរស់នៅស្អាត។ ដូច្នេះបានជាយើងខិតខំបញ្ចប់ឱ្យបាន ទៅលើសហគមន៍ ភូមិ ផ្ទះយើងស្អាត នាំឱ្យឃុំយើងស្អាត ស្រុកយើងស្អាត ខេត្តយើងស្អាត ដែលធ្វើប្រជាពលរដ្ឋយើងរស់នៅដោយមានភាពអនាម័យល្អ សុខភាពល្អ។
លោកបានបន្តថា ក្រៅពីប្រជាពលរដ្ឋទទួលបានអនាម័យល្អហើយ ពួកគាត់ ក៏ចៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ ហេតុនេះការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ មានឥទ្ធិពលផ្នែកសេដ្ឋកិច្ចផង និងផ្នែកសុខមាលប្រជាពលរដ្ឋផង។
បើតាមឯកឧត្តម សោម ពិសិដ្ឋ គិតមកដល់ពេលនេះ ក្នុងចំណោម ១៨ ភូមិទូទាំងខេត្តកែប អាជ្ញាធរខេត្តបានសម្រេចនូវចំនួនខ្នងផ្ទះដែលមានបង្គន់សម្រាប់ប្រើប្រាស់ប្រមាណ៩៨ភាគរយក្នុងនោះមានតែ២ឬ ៣ភូមិប៉ុណ្ណោះ ដែលនៅមិនទាន់មានបង្គន់ប្រើប្រាស់។
លោកបានបញ្ជាក់ថា ៖ «ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត នឹងសហការយ៉ាងយកចិត្តទុកដាក់ដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី៦នេះ»។
យោងតាមរបាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ បានរកឃើញថា ខេត្តកែប ដែលខ្នងផ្ទះគ្មានបង្គន់ទាំង១៩៨ ខ្នងផ្ទះនេះ ចែកជា៣ប្រភេទ ក្នុងនោះប្រភេទទី១មាន១៥ខ្នងផ្ទះ ជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់, ប្រភេទទី២ មាន៧៦ខ្នងផ្ទះ ជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងប្រភេទទី៣ មាន៨៥ខ្នងផ្ទះស្ថិតក្នុងតំបន់មិនរៀបរយ៕ ដោយ៖ជា សុខនី