កូរ៉េខាងជើងបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន ក្រោយរ៉ុក្កែតមិនដំណើរការរលូន
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ក្រុងព្យុងយ៉ាងនៅថ្ងៃពុធ ទី៣១ ខែឧសភា បានបញ្ចប់ទៅដោយការបរាជ័យ បន្ទាប់ពីរ៉ុក្កែតបាញ់បង្ហោះមិនដំណើរការរលូនហើយធ្លាក់ចូលក្នុងសមុទ្រកូរ៉េខាងលិច។
KCNAផ្សាយថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី Chollima-1 មិនដំណើរការដោយសារតែម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈរបស់រ៉ុក្កែតមានភាពរអាក់រអួល។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះលើកនេះ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី៦ និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ របស់ប្រទេសនុយក្លេអ៊ែរកូរ៉េខាងជើង ដែលគេដឹងថា ដើម្បីបង្ហោះផ្កាយរំណបចារកម្មដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិធី។
ការបរាជ័យនៃការបាញ់បង្ហោះនេះ ជំរុញឱ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀសតូចតាននៅក្នុងតំបន់ខ្លះនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ចំណែកការប្រកាសអាសន្នត្រូវបានដកចេញវិញ ដោយមិនមានការរាយការណ៍ពីគ្រោះថ្នាក់ ឬការខូចខាតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធថា យោធារបស់ខ្លួនកំពុងធ្វើប្រតិបត្តិការរុករក ដើម្បីប្រមូលបំណែកបាក់បែកនៃរ៉ុក្កែតដែលធ្លាក់។
គួរកត់សម្គាល់ថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនាពេលនេះ បានរងការថ្កោលទោសពីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង និងប្រធានអង្គការសហប្រជាជាតិ ដែលលើកឡើងថា រាល់ការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន នៅចន្លោះថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ដើម្បីជំរុញការឃ្លាំមើលសកម្មភាពយោធាអាមេរិក ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់។អ្នកវិភាគបានព្រមានថា ការបង្ហោះផ្កាយរណបចារកម្ម នឹងជួយពង្រឹងសមត្ថភាពឃ្លាំមើល និងយោធារបស់ប្រទេសនេះ។
បើទោះបីជាការបាញ់បង្ហោះនៅថ្ងៃពុធនេះបរាជ័យក៏ដោយ ទីភ្នាក់ងារអវកាសកូរ៉េខាងជើងនឹងធ្វើការប៉ុនប៉ងលើកទី២ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» បន្ទាប់ពីពិនិត្យមើលអ្វីដែលមិនដំណើរការ។ នេះបើតាម KCNA៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ North Korean satellite plunges into sea after rocket failure