លោកខាងលិចដាក់សម្ពាធតួកគី ឱ្យយល់ព្រមលើសំណើស៊ុយអែត ចូលជាសមាជិកអង្គការណាតូ

ស្តុកខុល៖ បណ្តាប្រទេសលោកខាងលិចកំពុងដាក់សម្ពាធលើប្រទេសតួកគីឱ្យព្រមទទួលយកប្រទេសស៊ុយអែត ចូលជាសមាជិកអង្គការណាតូ ខណៈដែលរដ្ឋាភិបាលទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ក៏កំពុងព្យាយាមណាស់ដែរ ក្នុងការបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ាប្រទេសតួកគី ឈប់ប្រឆាំងចំពោះសមាជិកភាពរបស់ខ្លួន។

លោក អ៊ូហ្វ គ្រីស្ទ័រសុន (Ulf Kristersson) នាយករដ្ឋមន្ត្រីស៊ុយអែត បានសរសេរនៅលើទំព័រកាសែត Financial Times ថា «ច្បាប់ប្រឆាំងភេរវកម្មថ្មីដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ខាងមុខ គឺជាមធ្យោបាយចុងក្រោយហើយ ដើម្បីទទួលបានការគាំទ្រពីទីក្រុងអង់ការ៉ា សម្រាប់ការចូលជាសមាជិកសម្ព័ន្ធភាពយោធាណាតូ»។

មន្ត្រីជាន់ខ្ពស់ស៊ុយអែតម្នាក់បាននិយាយថា ៖ «ច្បាប់ភេរវកម្មថ្មីនេះ គឺជាក្តីសង្ឃឹមដ៏ធំរបស់យើងសម្រាប់ការដោះស្រាយបញ្ហាដែលជាប់គាំងកន្លងមក។ ដូច្នេះ ការសម្រេចបែបណានោះ វាអាស្រ័យទៅលើប្រទេសតួកគី»។

គួរដឹងដែរថា កាលពីឆ្នាំមុន ប្រទេសស៊ុយអែតបានស្នើសុំចូលជាសមាជិករបស់អង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានលើទឹកដីអ៊ុយក្រែន។ សំណើនេះបានក្លាយជាការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសស៊ុយអែត ដែលតែងតែប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធយោធាជាងពីរសតវត្សមកនេះ។

ប្រទេសតួកគីតែងតែធ្វើការរារាំងសមាជិកភាពស៊ុយអែត ប៉ុន្តែបែរជាអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ចូលជាសមាជិករបស់អង្គការណាតូ ដោយលើកហេតុផលថា ស៊ុយអែតចាំបាច់ត្រូវបង្កើតច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មឱ្យបានតឹងរ៉ឹងជាងនេះ។ ការជាប់គាំងនេះបានជំរុញឱ្យមានការប្រេះឆារវាងប្រទេសតួកគី និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន នៅពេលដែលសម្ព័ន្ធភាពនេះកំពុងព្យាយាមសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បាននិយាយថា វាពិតជាអាចទៅរួចក្នុងការដែលអនុញ្ញាតឱ្យស៊ុយអែតចូលក្នុងសម្ព័ន្ធភាពអង្គការណាតូ តាមរយៈកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាខាងមុខននេះ។

លោកបានសរសេរថា លោកបានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី លោក អេដូហ្គែន (Erdogan) កាលពីថ្ងៃអង្គារ ដែលក្នុងនោះអ្នកទាំងពីរបានពិភាក្សាអំពីការចូលជាសមាជិករបស់ស៊ុយអែតទៅក្នុងណាតូទៀតផង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែតកាលពីថ្ងៃអង្គារផងដែរ ពោលគឺមុនពេលដែលត្រូវបន្តដំណើរទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ។

លោកបានលើកឡើងថា ៖ «ពេលវេលាដែលត្រូវដើរឆ្ពោះទៅមុខគឺដល់ពេលហើយ ហើយយើងចង់ឃើញវាកើតឡើងមុនពេលកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី»។

បន្ថែមលើនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយទៅកាន់លោក អេដូហ្គែន កាលពីថ្ងៃចន្ទ ដើម្បីអបអរសាទរក្នុងការដែលលោកបានឈ្នះការបោះឆ្នោតជាថ្មីម្ដងទៀត។ លោក បៃដិន បានមានប្រសាសន៍ថា ៖ «ខ្ញុំបានប្រាប់គាត់ថា យើងចង់បានកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងប្រទេសស៊ុយអែត ដូច្នេះសូមធ្វើវាឱ្យបានសម្រេច»។

រីឯប្រទេសតួកគី បាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកដូចគ្នា នោះគឺការទិញយន្តហោះចម្បាំងប្រភេទ F16 ប៉ុន្តែសភាអាមេរិកបានពន្យារពេលសិន។ កន្លងមក រដ្ឋបាលលោក បៃដិន បានអនុម័តយល់ព្រមលក់យន្តហោះប្រភេទ F16 ភ្លាមៗបន្ទាប់ពីតួកគីបានអនុញ្ញាតឱ្យហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ។

រហូតមកដល់ពេលនេះ សភាអាមេរិកចង់ឱ្យតួកគីអនុម័តយល់ព្រមលើសំណើរបស់ស៊ុយអែតជាមុនសិន មុននឹងពួកគេធ្វើសកម្មភាពណាមួយបន្ត ប៉ុន្តែតួកគីនៅតែបន្តបង្ហាញក្តីបារម្ភចំពោះវិធានការប្រឆាំងភេរវកម្មរបស់ប្រទេសស៊ុយអែត។

ប្រធានាធិបតីតួកគី ចង់ឱ្យប្រទេសស៊ុយអែតទប់ស្កាត់បាតុកម្មដែលធ្វើឡើងដោយសមាជិកនៃគណបក្សពលករឃឺដ ឬហៅកាត់ថា PKK។ ហើយលោកមានការខកចិត្តជាខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗនៅទីក្រុងស្តុកខុល ដែលមានការដុតគម្ពីរកូរ៉ាននៅមុខស្ថានទូតតួកគី។ ដោយឡែក ប្រទេសផ្សេងទៀតរបស់អង្គការណាតូចង់ឱ្យលោក អេដូហ្គែន គាំទ្រដល់សមាជិកភាពរបស់ស៊ុយអែត ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់៕ ប្រែសម្រួល៖ ធា សុណា

ads banner