ក្រសួងសាធារណការ៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិពីរខ្សែក្នុងខេត្តកំពត និងខេត្តកែប គ្រោងបញ្ចប់មុនកំណត់
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ចំពោះគម្រោងស្ដារនិងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ ក្នុងខេត្តកំពត និងផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប សម្រេចការសាងសង់បានរង្វង់ពី២០ទៅ ៣០ភាគរយ គិតត្រឹមចុងខែឧសភានេះ ខណៈក្រសួងព្យាករណ៍អាចនឹងបញ្ចប់មុនពេលកំណត់នៅឆ្នាំ២០២៦។
ការព្យាករណ៍នេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៣០ខែឧសភា បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិទាំងពីរខ្សែនោះ និងចុះពិនិត្យដំណើរការផលិតនៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete)។

ក្នុងដំណើរបេសកកម្មនេះ ក៏មានការចូលពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
ក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ២០២៣ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២ភាគរយ ក្នុងនោះដែរ ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ សម្រេចបាន ៤៤,៩៧ គីឡូម៉ែត្រ ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គីឡូម៉ែត្រ និង ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គីឡូម៉ែត្រ។
ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន ៣១,៧៣ភាគរយ ក្នុងនោះដែរ ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧គីឡូម៉ែត្រ ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៦,៥៤គីឡូម៉ែត្រ និងការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គីឡូម៉ែត្រ។

ក្រសួង បានគូសបញ្ជាក់ថា តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។
យ៉ាងណាក៏ដោយក្នុងចំណោមផ្លូវទាំងពីរខ្សែនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកត់សម្គាល់ឃើញថា សម្រាប់ផ្លូវជាតិលេខ ៣១ ក្រុមហ៊ុនបានធ្វើឡើងតាមស្តង់ដារបច្ចេកទេស ប៉ុន្តែផ្លូវជាតិ ៣៣ មិនទាន់ស្របតាមស្តង់ដារនោះទេ ហើយលោកណែនាំឱ្យក្រុមហ៊ុនធ្វើការកែតម្រូវឡើងវិញ។
លោកមានប្រសាសន៍នាឱកាសនោះថា ៖ «ផ្លូវ ៣១ គ្រឹះរឹងមាំតាមស្តង់ដារបច្ចេកទេសរបស់ក្រសួង ប៉ុន្តែចំពោះផ្លូវ ៣៣ ធ្វើតេស្តរួចហើយមិនទាន់ស្របតាមបច្ចេកទេស ចឹងយើងខ្ញុំបានប្រាប់ឱ្យក្រុមហ៊ុន សាងសង់ឱ្យពិនិត្យឡើងវិញឱ្យបានត្រឹមត្រូវមុននឹងចាប់ផ្តើមធ្វើដំណាក់កាលបន្ទាប់… យើងឱ្យគាត់កែព្រោះមិនទាន់យឺតពេលនោះទេ»។
បន្ថែមពីនេះឯកឧត្តម នៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីចៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ រីឯផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។
ផ្លូវជាតិទាំងពីរខ្សែនេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ដោយឡែកគម្រោងស្តារនិងលើកកម្ពស់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ លោក ស៊ុន ចាន់ថុល បង្ហើបឱ្យដឹងថា ៖«ការសិក្សាទាំងបច្ចេកទេសចប់សព្វគ្រប់រួចហើយ សង្ឃឹមថាថវិកា នឹងបានមកនៅឆ្នាំ ២០២៣នេះ ដែលកម្ចីមកពីមិត្តចិន»៕ ដោយ៖ សុខ រក្សា