មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស ទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្មចិន

អាមេរិក៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃទីពីរហើយនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស (Elon Musk) ដោយលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រសួងពាណិជ្ជកម្មចិនកាលពីព្រឹកមិញនេះ។

កាលពីថ្ងៃទីមួយរបស់លោក ម៉ាស លោកបានចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang)។ កាលពីល្ងាចថ្ងៃអង្គារ លោកក៏បានទទួលទានអាហារពេលល្ងាចជាមួយលោក ចឹង យូឈុន (Zeng Yuqun) ប្រធានក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតថាមពលថ្មយក្សរបស់ចិន និងជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Tesla ។នេះបើយោងតាមប្រភពមួយ និងរូបថតដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla និងក្រុមហ៊ុន CATL មិនបានផ្ដល់ការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញខ្លឹមសារនៃកិច្ចប្រជុំ និងគម្រោងការរបស់លោក ម៉ាសក៍ នៅក្នុងប្រទេសចិននោះទេ។

នៅព្រឹកថ្ងៃពុធនេះ លោក ម៉ាស បានចាកចេញពីសណ្ឋាគាររបស់លោកអមដំណើរដោយប្រធានកិច្ចការសាធារណៈនៃក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅប្រទេសចិន គឺលោក ហ្គ្រេស តៅ (Grace Tao) និងប្រធានផ្នែកផលិតកម្មសកល លោក ថម ជូ (Tom Zhu)។ ក្រោយមកទៀត រថយន្តរបស់លោក ម៉ាស ត្រូវបានគេមើលឃើញថាបានចតនៅខាងក្រៅក្រសួងពាណិជ្ជកម្មចិន។

លោក ម៉ាស បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលលោកត្រូវបានសាកសួរដោយអ្នកសារព័ត៌មានម្នាក់នៅឯសណ្ឋាគាររបស់លោក អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ទស្សនវិស័យរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន និងផែនការដែលទាក់ទងនឹងរោងចក្ររបស់ក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃ។

សារព័ត៌មានមួយចំនួនបានរាយការណ៍ថា លោកត្រូវបានគេរំពឹងថានឹងចូលជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផ្សេងទៀត ហើយក្នុងសប្តាហ៍នេះផងដែរ លោកទំនងជានឹងទៅត្រួតពិនិត្យមើលរោងចក្រនៅទីក្រុងសៀងហៃ ដែលជារោងចក្រផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក បើទោះបីជាគេមិនច្បាស់ថាលោកនឹងទៅជួបអ្នកណា ឬបញ្ហាអ្វីដែលពួកគេនឹងពិភាក្សាក៏ដោយ៕ ប្រែសម្រួល៖ ធា សុណា

ads banner