ព្រះមហាក្សត្រយាងត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ។

យោងតាមសេចក្ដីប្រកាសលទ្ធផលផ្លូវការ នៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា បានឲ្យដឹងថា ក្នុងអំឡុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ព្រះករុណា ទ្រង់មានព្រះរាជសវនាការជាមួយលោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតី និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ច៉ាកឌីប ដាន់ខា អនុប្រធានាធិបតី និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ដាច់ដោយឡែកពីគ្នាផងដែរ ។ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្ដេចយាង ប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមហាត្មៈគន្ធី នៅមណ្ឌបរ៉ាចហ្កាត់។

លោកជំទាវ ដ្រៅផាឌី មួរមូ ក៏បានរៀបចំ ព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជា កិត្តិយសថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងគណៈប្រតិភូដង្ហែព្រះរាជដំណើរ នៅវិមានប្រធានាធិបតី រ៉ាសត្រាផាទី ប៉ាវ៉ាន់ ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែមានការរីកចម្រើន និងកំពុងត្រូវបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ លើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន និងវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ និងការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ឥណ្ឌាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាតាមរយៈ ការផ្ដល់ឥណទាន និងហិរញ្ញប្បទានឥតសំណង ខណៈភាគីឥណ្ឌាបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រកម្ពុជាក្នុងការស្ដារ និងអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ នៅក្នុងបណ្ដាឆ្នាំខាងមុខ។ ក្នុងអំឡុងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តម នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានថ្វាយសំណើជួសជុលគំនូរនៅលើថែវស្ដីពីរឿងរាមាយណៈ នៅក្នុងព្រះបរមរាជវាំង។

ព្រះករុណា ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ សូមអញ្ជើញលោកជំទាវ ដ្រៅផាឌី មួរមូ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប។ លោកជំទាវ ដ្រៅផាឌី មួរមូ បានសម្ដែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងទទួលយកការអញ្ជើញដោយសេចក្តីសោមនស្សរីករាយ៕ ដោយ សួង ពិសិដ្ឋ
