ក្រសួងសង្គមកិច្ច រួមនឹងស្ថាប័នពាក់ព័ន្ធ ប្តេជ្ញារួមគ្នាក្នុងការពង្រឹង និងពង្រីកសេវាសង្គមកិច្ចនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធបានលើកឡើងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងបោះជំហ៊ានទៅមុខនិងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ទន្ទឹមគ្នានេះ ស្ថាប័នពាក់ព័ន្ធបានបន្តប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងនិងពង្រីកសេវាសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនិងទូលំទូលាយថែមទៀត។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងទិវាសង្គមកិច្ចពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «គោរពភាពចម្រុះ តាមរយៈការផ្សារភ្ជាប់សកម្មភាពសង្គមរួមគ្នា» ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ចកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ទិវាសង្គមកិច្ចពិភពលោកឆ្នាំ២០២៣ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលនៃការងារសង្គមកិច្ច ដើម្បីរួមចំណែកធ្វើអោយសេវាសង្គមកាន់តែប្រសើរ ការអភិវឌ្ឍសង្គម និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគាំទ្រដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ការរៀបចំទិវាសង្គមកិច្ចពិភពលោកនាពេលនេះ ដើម្បីលើកម្ពស់ការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍កាងារសង្គម សាមគ្គីភាពសង្គម និងការពង្រឹងសិទ្ធសេរីភាពរបស់មនុស្ស និងការទទួលខុសត្រូវរួមគ្នាលើកិច្ចការងារសង្គមកិច្ច ខណៈការងារសង្គមកិច្ច គឺចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងភាពចម្រុះគ្នា ដើម្បីធានាបាននូវយុត្តិធម៌សង្គម»។

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានបន្តទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងបោះជំហានទៅមុខ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន តាមរយៈការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ និងការបង្កើតរបបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងជំនួយសង្គមសម្រាប់ប្រជាពលរដ្ឋជាដើម។

លើសពីនេះឯកឧត្តម នឹម ថូត ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋភិបាល ក្រសួងសង្គមកិច្ច នឹងខិតខំជំរុញការលើកកម្ពស់ការងារសង្គម ទាំងការផ្តល់សេវា ការបណ្តុះបណ្តាលជំនាញឯកទេស និងការលើកកម្ពស់កម្លាំងសេវាសង្គមបន្ថែមទៀត ដើម្បីឈានទៅការផ្តល់សេវាសង្គមកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលថែមទៀត។

ជាមួយគ្នានោះដែរ លោក ហុង រស្មី នាយកអង្គការសង្រ្គោះកុមារ (Save the Children) ប្រចាំកម្ពុជា ក៏បានមើលឃើញថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការសង្គមកិច្ច បានបំពេញកិច្ចការជាច្រើន ដោយបានផ្តល់សេវាថែទាំប្រជពលរដ្ឋជនងាយរងគ្រោះគួរឱ្យកត់សម្គាល់។

លោកបានបន្តថា ក្នុងនាមជាអង្គការដៃគូ អង្គការSave the Children ក៏មានការប្ដេជ្ញាក្នុងការពង្រឹង កម្លាំងសេវាសង្គមនៅកម្ពុជា ក៏ដូចជាពិភពលោក សំដៅធានាការផ្លាស់ប្តូរសង្គមប្រកដោយបរិយាប័ន្ន។

ទន្ទឹមនឹងនេះដែរ លោក សឿន សម្បត្តិ ប្រធានសមាគមអ្នកវិជ្ជាជីវៈអ្នកសង្គមកិច្ចកម្ពុជា បានលើកឡើងថា អ្នកសង្គមកិច្ច គឺជាកាតាលីករសង្គមជាវិជ្ជមាន ហើយលោកចង់ឃើញវិស័យនេះក្លាយជាវិជ្ជាជីវៈអាជីពមួយនៅក្នុងប្រទេសកម្ពុជា ដែលមានក្រមសីលធម៌ និងមានបណ្តាញគាំទ្ររឹងមាំ។

លោកថា ៖ «ហេតុនេះ ក្នុងនាមជាអ្នកសង្គមកិច្ច យើងក៏ប្តេជ្ញាជំរុញវិស័យសង្គមកិច្ច ដើម្បីបង្កើតសង្គមមួយជាវិជ្ជមាន សម្រាប់ការរស់នៅរបស់ជនងាយរងគ្រោះ និងជនរងគ្រោះនៅប្រទេសកម្ពុជា»។

តាមរយៈទិវាសង្គមកិច្ចពិភពលោកខាងលើនោះដែរ ក្រសួងសង្គមិច្ច ក៏បានអះអាងទៀតដែរថា ដើម្បីអភិវឌ្ឍន៍វិស័យសង្គមកិច្ចនៅកម្ពុជាបន្ថែមទៀត បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខមាលភាព និងកាត់បន្ថយភាពក្រីក្រសង្គមផងដែរ។

ដោយឡែកក្រសួងសង្គមកិច្ចវិញ បច្ចុប្បន្ន បាននិងកំពុងអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងការផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រ កំលុងកូវីដ១៩ និងកំពុងរៀបចំកម្មវិធីកញ្ចប់គ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពលរដ្ឋកម្ពុជា ដែលគ្រោងនឹងដាក់ដំណើការនាពេលឆាប់ៗខាងមុខផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner