មន្ត្រីពាក់ព័ន្ធក្នុងខេត្តចំនួន ១០ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តចំនួន១០ ស្ដីពីការធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយ។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនាសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែឧសភា ដោយមានការចូលរួមពីឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមនឹងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីមួយចំនួនទៀត។

តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សួន រចនា បានលើកឡើងថ្លែងថា កន្លងមកក្រសួងបានរៀបចំអង្គសិក្ខាសាលាបណ្ដុះបណ្ដាលនេះបានចំនួន២លើករួចមកហើយ ហើយនេះជាការៀបចំលើកទី៣ ដែលមានការចូលរួម សមាសភាពមកពីបណ្តាខេត្តចំនួន១០។ខេត្តទាំងនោះរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តមណ្ឌគិរី ។ក្នុងនោះមានរដ្ឋបាលស្រុកគោលដៅចំនួន៤៩។
ឯកឧត្តម សួន រចនា បានថ្លែងថា ៖ «សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលធ្វើបច្ចុប្បន្នភាព ដល់មន្ត្រីអនុវត្តមុខងារផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព និងតម្លាភាព»។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើបរិវត្តកម្មឌីជីថល ជាកិច្ចការអាទិភាព ដែលត្រូវគិតគូរ និងរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្ដែង សក្តានុពល ធនធាន និងសមត្ថភាពរបស់ស្ថាប័ននីមួយៗ។

លោកបានបញ្ជាក់ថា វិធានការគោលនយោបាយជាក់លាក់ជាច្រើននឹងត្រូវបានគិតគូរ និងដាក់ចេញ ដែលផ្តោតជាសំខាន់លើការកសាងមូលដ្ឋានគ្រឹះចំនួនពីរ ក្នុងនោះមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាការតភ្ជាប់ឌីជីថល ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ឡូជីស្ទីក និងការដឹកជញ្ជូនគោលដៅចុងក្រោយ។
ចំណែកមូលដ្ឋានគ្រឹះចម្បងមួយទៀត គឺការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល ដែលជាក្របខ័ណ្ឌច្បាប់ប្រកបដោយភាពឆ្លើយតប ប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល។
ឯកឧត្តម សុខ លូ ថ្លែងថា ៖ «សិក្ខាសាលានេះ ធ្វើក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ពីបែបបទ និងនីតិវិធីក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោកឱ្យលឿន និងមានប្រសិទ្ធភាពជាងមុន»។
ការផ្តល់សេវាទាំងនោះមានដូចជា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រក្រយានយន្ត និងទោចក្រក្រយានយន្តសណ្តោងរ៉ឺម៉ក, ការគ្រប់គ្រង និងចុះបញ្ជីការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត សុវត្ថិភាពដរចម្លង និងនីតិវិធីនៃការចុះបញ្ជីជលយាន នៅច្រកចេញចូលតែមួយរដ្ឋបាលរាជធានី-ខេត្ត។
សកម្មភាពអាទិភាពជាចម្បងសម្រាប់ខេត្តបាត់ដំបង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។ នេះបើតាមការបន្ថែមពីឯកឧត្តម សុខ លូ៕ ដោយ៖ ជា សុខនី