ពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទចាប់ពីខែ មិថុនា តទៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ដោយគិតចាប់ពីខែមិថុនា ដល់ខែវិច្ឆិកាខាងមុខនេះតទៅ ប៉ុន្តែចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និងន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធបានទេលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ជាមុនសិន។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបន្តថា ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួនពីរសន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានបណ្ណសម្គាល់ការបង់ពន្ធ(កាត) ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនោះទេ។

ប្រភពដដែលថា ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយដូចជា ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់សម្រាប់ឱ្យមន្ដ្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបតបង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

សេចក្តីជូនដំណឹង បានបន្តថា ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែឧសភាថា ដំណើរការនៃការប្រមូលចំណូលចូលរដ្ឋតាមរយៈពន្ធ អាករផ្សេងៗមានការវិវត្តជាវិជ្ជមានដែលបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានការកើននូវប្រាក់ចំណូលក្នុងស្រុកតាមរយៈការបង់ពន្ធគ្របប្រភេទ ទាំងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

លោកបានថ្លែងថា ៖ «ក្រោយមានការជំរុញ ការអនុវត្តច្បាប់តឹងរឹងជាងមុន ឃើញថាការបង់ពន្ធលើយានយន្តគ្រប់ប្រភេទមានភាពល្អប្រសើរ។ ដូច្នេះបានឃើញមានកំណើនថវិកាដែលរដ្ឋប្រមូលបានពីពន្ធដារ។ ប៉ុន្តែអ្វីដែលត្រូវធ្វើបន្ថែម គឺជំរុញឱ្យមានការអនុវត្តច្បាប់ស្មើគ្នាទៅតាមច្បាប់ជាធរមាន»។

បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ដែរថា ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ទេ។

ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

អគ្គនាយកដ្ឋានពន្ធដារ សង្កត់ធ្ងន់ថា ៖ «ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣»។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ ទទួលបានចំណូលជាង ១០០ លានដុល្លារ លើសនឹងផែនការ១២៣ភាគរយ បើបៀបនៅក្នុងឆ្នាំ ២០២១។ អគ្គនាយកដ្ឋានដដែលបានឱ្យដឹងដែរថា ចំណូលពន្ធមធ្យោបាយមានការកើនឡើង ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គនាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ៕ ដោយ៖ សុខ រក្សា

ads banner