របរលក់លៀសហាលនៅតែទទួលបានការគាំទ្រ និងជាម្ហូបពេញនិយមដដែល
ភ្នំពេញ៖ លៀស សត្វមួយប្រភេទពួកគ្រំ សំបកទាំងពីរខាងជាប្រអប់ ខាងគូទតូច ខាងមាត់រីកកំពាង រស់នៅក្នុងភក់ ឬដីខ្យាច់ក្នុងទឹក ។ កំបោរលៀស កំបោរដែលកើតពីសំបកលៀសដុតសុសផុស (វចនានុក្រម)។លៀសក៏ជាមុខម្ហូបម៉្យាងពេញនិយមដែលពលរដ្ឋខ្មែរបានចេះកែច្នៃយកមកបរិភោគអស់កាលយូរលង់មកហើយ។

លៀសគេអាចកែច្នៃធ្វើមុខម្ហូបច្រើនមុខក្នុងនោះដូចជា ឆា ស្ងោរ។ជាពិសេសនោះគឺលៀសហាលដែលជាមុខម្ហូបមួយគេនិយមបរិភោគជាទូទៅ។បាយកកជាមួយលៀសហាល ។បាយក្តៅហុយៗជាមួយលៀសហាលគឺតែងដាស់អារម្មណ៍ឱ្យអ្នកបរិភោគតែងនឹកពីវាជានិច្ច។

នៅទីតាំងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាទីតាំងរស់នៅផ្តុំគ្នារបស់អ្នកប្រកបរបរលក់លៀសហាលតាមរទេះ ។ចាប់ពីម៉ោង៩ជាងព្រឹកទៅ ពួកគាត់តែងតែងរុញរទេះ និងខ្លះទៀតសណ្តោងរ៉ឺម៉កម៉ូតូដឹកលៀសដើរលក់ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។

អ្នកស្រី អ៊ុច យ៉េម ជាអ្នកចំណាកស្រុកមកពីខេត្តស្វាយរៀងបានប្រាប់ថាក្រុមគ្រួសារ អ្នកស្រីបានលក់លៀសជាង៣០ឆ្នាំមកហើយ ដែលកាលនោះលក់លៀសត្រឹមមួយកំប៉ុង៥កាក់រហូតមកដល់ពេលនេះ។
ជាអ្នកលក់លៀសជើងចាស់វ័យ៥៩ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងទៀតថាតាមពិតលៀសគឺជារបស់ល្អ។ វារស់នៅក្នុងទឹកល្អ ដូចជាក្នុងទឹកទន្លេ ទឹកបឹងហើយការយកមកធ្វើទៀតសោតក៏មានអនាម័យល្អធ្វើឱ្យក្លាយជាអាហារមិនត្រឹមមានអនាម័យទេតែនៅមានរសជាតិឆ្ងាញ់ពិសាថែមទៀត។

ចំណែកអ្នកស្រី រាជរិទ្ធ មកពីខេត្តស្វាយរៀងដែលជាអ្នកលក់លៀសជាង២០ឆ្នាំម្នាក់ទៀតកំពុងតែម្នីម្នាផ្សំគ្រឿងលៀសដើម្បីប្រញាប់នាំចេញទៅលក់ឱ្យទាន់មុនម៉ោង១១ព្រឹកបានប្រាប់ឱ្យដឹងថារបរលក់លៀសទាល់តែថ្ងៃក្តៅខ្លាំងទើបលក់ដាច់។តែបើមេឃស្រទុំវិញលក់មិនដាច់ទេ ហើយបើនៅសល់ច្បាស់ជាជូរខូចចាក់ចោលអស់ហើយ។
ដោយឡែកលោក វង្ស វន្នី ឬហៅថា តាម៉ាប់ អ្នកចំណាកស្រុកមកពីខេត្តកណ្តាលបានប្រាប់ឱ្យដឹងថារបរលក់លៀសដាច់បំផុតក្នុងកំលុងខែធ្នូ ដល់ខែមីនានិងខែមេសាដែលមានឱកាសធាតុក្តៅខ្លាំង។សម្រាប់ខែវស្សាលោកលក់លៀសបន្តិចបន្តួចដោយសារតែខ្លាចលក់មិនដាច់នាំឱ្យខាតដើម។សម្រាប់ខែវស្សាលោកក៏តែងផ្លាស់ប្តូរ របរមកលក់ខ្ចៅ ខ្យង ឬពងទាកូនជំនួសវិញ ទម្រាំដល់រដូវលក់លៀសវិញ។

អ្នកលក់លៀសវ័យ៣៣ឆ្នាំ ដែលល្បីឈ្មោះថាលៀសឆ្ងាញ់គួរសម ហើយភរិយារបស់លោកតែងលក់នៅតំបន់ ផ្សារអូឡាំពិកផងនេះបា្រប់ឱ្យដឹងថា លៀសដែលលោកយកមកលក់ជាលៀសល្អ ហើយផ្គួបផ្សំការប្រឡាក់គ្រឿងបានឆ្ងាញ់ទៀតធ្វើឱ្យលក់ដាច់ មានអតិថិជននិយមចូលចិត្តច្រើន។
ទាក់ទិនក្នុងរឿងលក់លៀសនេះដែរ អ្នកស្រី គួច ស្រីកា អ្នកលក់លៀសប្រចាំនៅផ្សារកាប់គោបានប្រាប់ឱ្យដឹងដូចគ្នាថា របរលក់លៀសអាចដោះស្រាយជីវភាពបានល្អប្រសើរដែរ។ទោះបីយ៉ាងណាដោយសារអ្នកលក់លៀសម្នាក់ៗសុទ្ធតែជួលផ្ទះគេនៅធ្វើឱ្យជួបស្ថានភាពលំបាកនាពេលដល់រដូវលក់លៀសមិនសូវដាច់។
ស្រ្តីលក់លៀសហាល រូបនេះបានសំណូមពរឱ្យពលរដ្ឋកម្ពុជាចូលរួមទិញលៀសពីព្រោះថាលៀសពួកគាត់សុទ្ធតែលៀសល្អយកមកពីទន្លេ លៀសបឹង និងពេលផ្សំគ្រឿងទៀតសោតប្រកបដោយអនាម័យត្រឹមត្រូវល្អណាស់។
តាមអ្នកប្រកបរបរលក់លៀសហាល បានឱ្យដឹងថាលៀសហាលមានច្រើនរសជាតិ ដូចជាលៀសផ្សំគ្រឿងធម្មតា លៀសហឹរ និងលៀសអំពិលទុំជាដើម។តម្លៃលៀសហាលក្នុងមួយកំប៉ុងចាប់ពី២ ០០០ទៅ៦ ០០០រៀលតាមប្រភេទលៀសតូចធំ និងលៀសល្អឬមិនសូវល្អជាដើម៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត