ឯកឧត្តមអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជ្ញាធរសាធារណៈ មានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅសណ្ឋាគារលើរ៉ូយ៉ាល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និង សមិទ្ធផលការងារ ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ការដាក់ចេញនូវលិខិតបទដ្ឋាន-គតិយុត្តពាក់ព័ន្ធផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបន្តថា នៅកម្ពុជា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវបានអនុម័ត និង ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៩៦ ដោយបានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្តល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅកម្ពុជា ដោយស្របច្បាប់ ។

រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និង ពហុភាគី, ដើម្បីគ្រប់គ្រង និង ដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មផ្សេងៗ ។ ជាលទ្ធផល, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ និង ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ តាមរយៈព្រះរាជក្រម ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ។ ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, វិស័យកាស៊ីណូ និង ល្បែងពាណិជ្ជកម្មដទៃទៀត ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានេះ, ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែងស៊ីសងខុសច្បាប់ និង ដើម្បីលើកទឹកចិត្តវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់, រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និង មានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ ។

ក្រុមការងារនេះមានតួនាទី និង ភារកិច្ចចម្បង ក្នុងការរៀបចំផែនការ, វិធាន និង គោល-ការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចូលរួមស្រាវជ្រាវ និង ចាត់វិធានការបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា សិក្ខាសាលានេះ នឹងផ្ដល់នូវពុទ្ធិ និង ព័ត៌មានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការសហការ ជិតស្និទ្ធ រវាង គ.ល.ក.និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ វេង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner