លោក ស៊ី និងមន្រ្តីជាន់ខ្ពស់ចិនអំពាវនាវឱ្យរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធ AI

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមន្ត្រីចិនកំពូលៗដទៃទៀត បានអំពាវនាវឱ្យមានការត្រួតពិនិត្យថ្នាក់រដ្ឋ ឱ្យកាន់តែខ្លាំងក្លាទៅលើប្រព័ន្ធបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) ដែលជាផ្នែកមួយនៃការងារទប់ទល់នឹង “ព្យុះដ៏គ្រោះថ្នាក់” ដែលប្រទេសចិនកំពុងប្រឈមមុខ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមន្ត្រីបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចផ្សេងទៀត បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំនៃគណៈកម្មការសន្តិសុខជាតិ ក្នុងការកែលម្អការគ្រប់គ្រងសន្តិសុខនៃបណ្តាញទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានព្រមានថា ភាពស្មុគស្មាញ និងភាពធ្ងន់ធ្ងរនៃបញ្ហាសន្តិសុខជាតិ ដែលប្រទេសរបស់យើងប្រឈមមុខបានកើនឡើងយ៉ាងខ្លាំង។ យើងត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលអាក្រក់បំផុត និងធ្ងន់ធ្ងរ ហើយត្រៀមខ្លួនទប់ទល់នឹងការធ្វើតេស្តដ៏ធំ នៃខ្យល់បក់បោកខ្លាំង, ទឹកហូរខ្លាំង និងសូម្បីតែព្យុះដ៏គ្រោះថ្នាក់។

ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានបង្កើនយុទ្ធនាការដ៏ទូលំទូលាយមួយ ដើម្បីលុបបំបាត់ការគំរាមកំហែងផ្នែកសន្តិសុខជាតិ ដែលគេយល់ឃើញថា ជាការដាក់កំហិតលើការចូលប្រើទិន្នន័យ, ការវាយឆ្មក់ក្រុមហ៊ុនប្រឹក្សាបរទេស និងការពង្រឹងច្បាប់ប្រឆាំងចារកម្មជាដើម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner