ក្រុមហ៊ុនចិនមួយ ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬស៊ីឌីស៊ី(CDC)បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED មកពីសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។
ស៊ីឌីស៊ី បានបញ្ជាក់ដូចនេះ កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅអំឡុងពេលជំនួបគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) គណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ី ដោយក្រុមហ៊ុននេះ មានការចាប់អារម្មណ៍ខ្ពស់ លើវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុននេះ លោក ជា វុទ្ធី បានបង្ហាញនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខាធិការរងបញ្ជាក់ថា «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ»។
ជាមួយគ្នានោះដែរ លោក វ៉ាង សុង (Wang Song) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. បានឆ្លើយតបថា រូបលោករួមជាមួយនឹងប្រតិភូ នឹងពិចារណា និងស្វែងយល់បន្ថែមទៀត ក្នុងការចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនេះ។
លោក វ៉ាងបញ្ជាក់ថា៖«កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់ សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនបរទេស អាចនឹងរួមចំណែកធ្វើឱ្យតម្លៃកៅស៊ូកម្ពុជាមានស្ថិរភាព និងមានទីផ្សារ។
លោកបានបញ្ជាក់ថា៖«កម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់បើករោងចក្រសហគ្រាស ជាពិសេសរោងចក្រឧស្សាហកម្មធុនធ្ងន់ ដែលបានផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់ ការនាំចេញ ខណៈដែលកម្ពុជាក៏មានដំណាំក្រៅស៊ូស្រាប់ ដែលអំណោយដល់ការកែច្នៃសំបកកង់យានយន្តទាំងនោះ»។
គួររំឮកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគផលិតសំបកយានយន្តកាន់តែច្រើនកាន់តែល្អ ដែលជំរុញឱ្យមានតម្លៃបន្ថែមខ្ពស់ ដោយសារតែការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិតប្រាំពាន់តោនក្នុងមួយឆ្នាំ។ សម្ដេចតេជោបានបន្ថែមថា វាអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។
សម្ដេចតេជោ បានបញ្ជាក់ថា៖«នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាចផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ ខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀត ដែលអាចបើករោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ »៕

ដោយ៖ វណ្ណ សុជាតា