ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី រិះគន់សហភាពអឺរ៉ុប ចំពោះច្បាប់ដែលរឹតត្បឹត និងរើសអើងផលិតផលប្រេងដូងប្រេងរបស់ខ្លួន
គូឡាឡាំពួរ៖ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរិះគន់បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ថា មានលក្ខណៈរើសអើង និងដាក់កម្រិតលើផលិតផលប្រេងដូងប្រេងរបស់ខ្លួន បន្ទាប់ពីប្រទេសទាំង២បំពេញបេសកកម្មពាណិជ្ជកម្មរួមគ្នាទៅកាន់សហភាពអឺរ៉ុប (EU)។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍សិង្ហបុរី CNA ។
ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃពុធ ទី ៣១ ខែឧសភា ប្រទេសទាំង២បានព្រមានថា បទប្បញ្ញត្តិរបស់ EU នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ ហើយថែមទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មប្រេងដូង ក្នុងការឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានសម្តែងក្តីសង្ឃឹមរបស់ខ្លួនថា EU នឹងគោរពតាមគោលការណ៍តម្លាភាព មិនរើសអើង ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសក្នុងការជួញដូរប្រេងដូង និងផលិតផលរបស់ខ្លួន។
ប្រភពដដែលបន្តថា ប្រទេសទាំងពីរជឿជាក់ថា EUDR មិនគួរបង្កើតការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ឬមានការរើសអើងក្នុងលក្ខខណ្ឌនៃការធានារ៉ាប់រងទំនួលខុសត្រូវរបស់ផលិតផល និងប្រព្រឹត្តកម្មជាតិ នោះទេ។
សេចក្ដីថ្លែងការណ៍បន្តថា ខណៈប្រទេសកំពុងអភិវឌ្ឍន៍បន្តចូលរួមក្នុងការកសាងប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយនិរន្តរភាព វាជាការចាំបាច់ដែលបទប្បញ្ញត្តិថ្មីគួរតែត្រូវបានសម្រេចតាមរយៈវិធីសាស្រ្តប្រកបតុល្យភាព រួមបញ្ចូល គិតគូរ និងមិនរឹតត្បឹត។
គួរបញ្ជាក់ថា បេសកកម្មពាណិជ្ជកម្មរួមគ្នាទៅកាន់សហភាពអឺរ៉ុប ត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងទំនិញម៉ាឡេស៊ី លោក Fadillah Yusof និងរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូនេស៊ីសម្រាប់កិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto ។ បេសកកម្មនេះ មានគោលបំណងអនុញ្ញាតឱ្យប្រទេសទាំង២បង្ហាញពីកង្វល់ និងការជំទាស់របស់ខ្លួនចំពោះ EUDR ក៏ដូចជាបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃទំនិញ ជាពិសេសប្រេងដូងប្រេង ចំពោះសេដ្ឋកិច្ច និងសុខមាលភាពរបស់ប្រជាជននៃប្រទេសទាំង២។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានដាក់ច្បាប់គ្រប់គ្រងការនាំចូលប្រេងដូងប្រេង ដោយកត់សម្គាល់ថា ការដាំដុះដំណាំបែបនេះនាំឱ្យមានការកាប់បំផ្លាញព្រៃឈើហួសប្រមាណ។ ប្រការនេះ បានទាក់ទាញការខឹងសម្បារពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាអ្នកផលិតប្រេងដូងប្រេងកំពូលៗរបស់ពិភពលោក។ EUDR បានដាក់កាតព្វកិច្ចសម្រាប់ក្រុមហ៊ុន ដើម្បីធានាថា ទំនិញដែលបានលក់នៅក្នុងសហភាពអឺរ៉ុប មិនកើតចេញពីការកាប់បំផ្លាញព្រៃឈើនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនិញជាក់លាក់ដូចជា ដូងប្រេង កាកាវ កាហ្វេ សណ្តែកសៀង កៅស៊ូ និងសាច់សត្វចិញ្ចឹម និងផលិតផលដែលផលិតចេញពីទំនិញទាំងនេះ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ចេញផ្សាយកាលពីថ្ងៃអង្គារពីលេខាធិការនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Susiwijono Moegiarso បាននិយាយថា EUDR ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការការពារជីវចម្រុះ។
ក្នុងសេចក្ដីថ្លែងការណ៍នេះ លោក Hartarto បានលើកឡើងថា ប្រទេសសមាជិកនៃក្រុមប្រឹក្សាប្រទេសផលិតដូងប្រេង (CPOPC) បានអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយផ្សេងៗក្នុងវិស័យអភិរក្សព្រៃឈើ។ លោកថា កម្រិតនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះ ៧៥ ភាគរយនៅចន្លោះពីឆ្នាំ ២០១៩ ដល់ ២០២០ ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា ប្រភព៖ Indonesia, Malaysia criticise EU for ‘discriminatory and punitive’ actions against palm oil sector