សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងមេដឹកនាំគណបក្សប្រឆាំងម្នាក់យល់ព្រមជាមួយឈ្មោះ កុសល ឱ្យធ្វើឃាតសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយឱ្យដឹងថា នៅមានរឿងមួយដែលមេដឹកនាំគណបក្សប្រឆាំងម្នាក់យល់ព្រមជាមួយឈ្មោះ កុសល ឱ្យធ្វើឃាតសម្តេច ដែលសម្តេចទុកទូទាត់បញ្ជីនៅពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១ ខែមិថុនានេះថា “ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថា មានមនុស្សនៅក្បែរហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឱ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។ អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសលមែនទេ? អស់លោក និងលោកស្រីមានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោកដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឱ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិត នៃការចារកម្មឥតស្រមោលមួយនេះដើម្បីឆ្លាតបន្តិច”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយ កុសល ឱ្យធ្វើឃាត ហ៊ុន សែន ដែលខ្ញុំទុកទូទាត់បញ្ជីនៅពេលក្រោយ។ សូមស្តាប់សម្លេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ”
ដោយ៖ពលជ័យ

ads banner