លោក សួន សេរីរដ្ឋា៖ យុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់សម្តេចតេជោ បានកំពុងបន្តកាត់ក្បាលដឹកនាំនយោបាយ បំបែកដងខ្លួននិងដកដៃជើង ពួកក្រុមជ្រុលនិយមនៅក្រៅស្រុក!
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា នយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោបានដាក់ចេញដើម្បីបំបែកក្បាលម៉ាស៊ីនដឹកនាំនយោបាយ និងយោធារបស់ខ្មែរក្រហម កាលពីទសវត្ស៩០នោះ ពេលនេះកំពុងតែកាត់ក្បាលពួកក្រុមនយោបាយជ្រុលនិយមនៅក្រៅស្រុក និងបំបែកដងខ្លួន ព្រមទាំងដកដៃជើងពួកគេ ធ្វើឱ្យពួកគេកំពុងច្របូកច្របល់ សង្ស័យគ្នា ចោទប្រកាន់គ្នា លែងទុកចិត្តគ្នា នៅពេលដែលគ្រប់សកម្មភាព និងសំឡេងប្រជុំកិច្ចការផ្ទៃក្នុងរបស់ពួកគេទាំងអស់ ស្ថិតនៅលើបាតដៃរបស់ សម្តេចតេជោ!។
លោកបន្តថា ទាំងគណបក្សក្លូន (ភ្លើងទៀន) របស់ពួកគេនៅក្នុងស្រុក និងមេគំនិតនយោបាយរបស់ពួកគេនៅក្រៅស្រុក ពេលនេះកំពុងគ្រប់គ្រងស្ថានការណ៍ និងដឹកនាំផ្ទៃក្នុងរបស់ខ្លួនលែងមានប្រសិទ្ធភាព ដោយសារតែឥទ្ធិពលយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ សម្តេចតេជោ បានកំពុងគ្រប់គ្រងសកម្មភាពរបស់ក្រុមជ្រុកនិយមនេះបានទាំងស្រុង។ កាលពីទសវត្ស៩០ ពួកខ្មែរក្រហមដែលមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ហើយដើរចេញពីការបោះឆ្នោតនាឆ្នាំ១៩៩៣នោះ ចុងក្រោយបានបរាជ័យទាំងស្រុងក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្នះ !។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបន្តទៀតថា ឆ្នាំ២០២៣នេះ ពួកមេគំនិតនយោបាយក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលដឹកនាំនយោបាយនៅពីក្រោយខ្នងគណបក្សភ្លើងទៀន ដែលមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ និងដែលមានបំណងធ្វើឱ្យរាំងស្ទះការបោះឆ្នោត ដោយប្រើលេសនិងបង្កើតឧបសគ្គដាក់ខ្លួនឯងគ្រប់យ៉ាង ដើម្បីចង់បង្កចលាចលធ្វើបដិវត្តន៍ពណ៌ ដើម្បីនាំកម្ពុជាឲ្យធ្លាក់ចូលតាមគន្លងផ្លូវនយោបាយរបស់ពួកគេគឺ កុំឱ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះ! ពេលនេះកំពុងតែបែកបាក់ធ្លាក់រាសី និងភ័យស្លន់ស្លោរជាខ្លាំង ព្រោះតែបារមីនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។ មិនប៉ុន្មានខែទៀតទេ… យ៉ាងយូរត្រឹមក្រោយបោះឆ្នោតជាតិ ២០២៣នេះរួច វាសនាក្បាលម៉ាស៊ីននយោបាយពួកក្បត់ជាតិជ្រុលនិយមនេះ នឹងមិនខុសពីវាសនារបស់ពួកមេដឹកនាំជ្រុលនិយមខ្មែរក្រហមនោះឡើយ៕
ដោយ៖ពលជ័យ