សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដែលពិធីនេះ បានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។

ឯឧត្តមរដ្ឋមន្ត្រី វង សូត បានគូសបញ្ជាក់ថា ជាការពិតណាស់មនុស្សជាតិបានចងចាំនូវអំពើឧក្រឹដ្ឋកម្មក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ ដែលបានកាប់សម្លាប់ស្ត្រី និងកុមារ យ៉ាងព្រៃផ្សៃ ដែលជាមហាសោកនាដកម្មមិនអាចគណនាបាន ហើយផ្តើមចេញពីព្រឹត្តិការណ៍នេះ យើង បានរួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើអមនុស្សធម៌ ដើម្បីថែរក្សាសន្តិភាពពិភពលោក និងជម្រុញការ អនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស រីឯបញ្ហាពលកម្មកុមារតែងតែកើតមានឡើងនៅតាមបណ្តាប្រទេសជា ច្រើនលើសកលលោកក្នុងទម្រង់ដូចជា៖ ទាសករកុមារ ការជួញដូរកុមារ ពេស្យាកម្មកុមារ ការប្រើប្រាស់ កុមារក្នុងជម្លោះប្រដាប់អាវុធ ការប្រើប្រាស់កុមារបំរើការងារតាមផ្ទះ ការរំលោភបំពានកុមារតាមប្រព័ន្ធ អនឡាញ ជាដើម។ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិកុមារ ហើយត្រូវបានអង្គការអន្តរជាតិខាងការ ងារបានអនុម័តអនុសញ្ញាលេខ ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ហើយមានប្រទេសជាច្រើននៅលើពិភបលោកបានគាំទ្រ និងចូលរួមចលនា លុបបំបាត់ពលកម្មកុមារ ដែលក្នុងនោះក៏មានកម្ពុជាជាប្រទេសហត្ថលេខីមួយផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋ ធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំង ជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។

ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំង កុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្រ្តជាតិ គោលនយោបាយ បទដ្ឋានគតិយុត្ត និងកម្មវិធី នានា សម្រេចបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តយកចិត្តទុកដាក់លើកកម្ពស់ការ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជំរុញឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួល ជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិលលើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារកុមារប្រកបដោយប្រសិទ្ធ ភាព ជាពិសេសគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ ហើយក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបទសង្គមតាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការ ការពារ និងអន្តរាគមន៍អំពើហិង្សាលើកុមារគ្រប់ រូបភាពឱ្យបានសមស្រប ទាន់ពេលវេលា ជាពិសេសពង្រឹងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការសកម្មភាពរបស់អាស៊ានស្តីពីអំពើហិង្សាលើកុមារ ៕

ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner