រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តជំរុញលើកកម្ពស់សិទ្ធិកុមារនិងបន្តយុទ្ធនាការប្រឆាំងពលកម្មកុមារ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនានេះ កម្ពុជាបានប្រារព្ធខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជា ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារ គ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងអង្គពិធីនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវចក្ខុវិស័យច្បាស់លាស់ដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម។
ដើម្បីជំរុញវិធានការនេះសម្ដេចបានផ្តល់អនុសាសន៍ដូច្នេះថា៖«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល លើការអនុវត្ត អនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារ កុមារប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះដែរសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានចេញសេចក្តីថ្លែងការណ៍សម្រាប់ទិវាកុមារអន្តរជាតិនេះ ដោយគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពយកចិត្តទុកដាក់ដល់កុមារ និងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងគាំទ្រដល់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
សេចក្តីថ្លែងការណ៍នេះបន្តថា នៅក្នុងសម័យខ្មែរក្រហម សិទ្ធិជាមូលដ្ឋានរបស់កុមារត្រូវបានលុបបំបាត់ដែលបានធ្វើឱ្យកុមារគ្រានោះរងគ្រោះ បាត់បង់ការសិក្សា បង្អត់អាហារ ធ្វើពលកម្មហួសកម្រិត រងទារុណកម្មនានា ដែលផ្តល់ផលលំបាកដល់ការរីកលូតលាស់ទាំងរាងកាយនិងបញ្ញាស្មារតី។ តែទោះជាយ៉ាងណា ក្រោយមក ពេលមានសន្តិភាពពេញលេញ សិទ្ធិកុមារត្រូវបានលើកស្ទួយឡើងវិញ។
ស.ស.យ.ក. បន្ថែមថា៖«សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា នក្នុងការលើកកម្ពស់សិទ្ធិកុមារ កាំពារសុខុមាលភាពកុមារ និងផលប្រយោជន៍កុមារ ព្រមទាំងប្រឆាំងរាល់សកម្មភាព និងអំពើហិង្សាលើកុមារគ្រប់រូបភាព ក៏ដូចជាសកម្មភាពនានាដែលប៉ះពាល់ដល់សិទ្ធិកុមារ »។
ជាមួយគ្នានេះដែរ អង្គការ UNICEF ប្រចាំកម្ពុជាវិញ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលលំបាក និងឥទ្ធិពលអវិជ្ជមានដែលកើតចេញពីសកម្មភាពអាកាសធាតុជះទៅលើកុមារ និងក្មេងជំនាន់ក្រោយ សម្រាប់ទិវាកុមារអន្តរជាតិ។ UNICEF ស្នើឱ្យភាគីពាក់ព័ន្ធធ្វើការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាឫសគល់នៃវិបត្តិអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់របស់វាចំពោះពិភពលោក ជាពិសេសកុមារ។
គួរជម្រាបជូនថា កម្ពុជាបានអាក់ខានប្រារព្ធទិវាកុមារអន្តរជាតិ ក្នុងរយៈពេល ៣ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០ ដោយសារបញ្ហាជំងឺកូវីដ១៩។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតសម្រាប់ប្រារព្ធទិវាកុមារអន្តរជាតិដោយលោកជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធចូលរួមឱ្យបានសកម្មក្នុងការលើកស្ទួយសុខុមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជាដែលកម្ពុជាបានផ្តល់សច្ចាប័នលើលិខិតូបករណ៍អន្តរជាតិ និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ៕