អ្នកនាំពាក្យ ៖ គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ AMS នៅថ្ងៃទី១ ខែមិថុនា នេះថា គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក គឺចែកចេញជាពីរប្រភេទ ។ប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២.៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១,២លានសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។
ឯកឧត្តមបានបន្តថា ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយដើម្បីពិនិត្យមើលការបោះឆ្នោតសន្លឹកឆ្នោតផងដែរហើយមន្ត្រីជំនាញរបស់គ.ជ.បបានត្រៀមរៀប ចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ។
ឯកឧត្តមបានរំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅគំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដាក់រោងពុម្ពហើយហើយនៅថ្ងៃទី១ ខែមិថុនា នេះ រោងពុម្ពបានចាត់ចែងជាពុម្ព ហើយប៉ុន្មានថ្ងៃខាងមុនេះការបោះពុម្ពនឹងចាប់ផ្តើមដំណើរ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង។ ហើយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានដូចតទៅ៖
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្សខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្សកសិករ
៧៖ គណបក្សស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់ក្រ
៩៖ គណបក្សហ្វ៊ុនស៉ិនប៉ិច
១០៖ គណបក្សធម្មាធិបតេយ្យ
១១៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្សបំណងពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្សឯកភាពជាតិខ្មែរ
១៥៖ គណបក្សខ្មែរអភិរក្ស
១៦៖ គណបក្សយុវជនកម្ពុជា
១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា
១៨៖ គណបក្សប្រជាជនកម្ពុជា៕ ដោយ៖ ពលជ័យ