ឯកឧត្ដម ហ៊ីង ប៊ុនហៀង៖ កម្លាំងប្រដាប់អាវុធ ត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣
ខេត្តកណ្ដាល ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងប្រជាការពារទូទាំងស្រុកកណ្ដាលស្ទឹងចំនួន ២០២០នាក់ នាព្រឹកថ្ងៃទី១ ខែមិថុនានេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងអំឡុងពេលបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តិទៅតាមលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងដោយគ្មានអំពើហឹង្សា ។

ឯកឧត្ដម បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច នៅតាមមូលដ្ឋានកន្លងមកបម្រើប្រជាពលរដ្ឋបានល្អ ក្នុងការការពារសន្តិសុខសុវត្ថិភាព ទប់ស្កាត់បាននូវបទល្មើសផ្សេងៗចោរលួច ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានផ្តាំផ្ញើដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមអញ្ចើញទៅបោៈឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣កក្កដា២០២៣និងបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនជានិរន្ត ៕



ដោយ-រ៉ាវុធ