កូរ៉េ ជួយកម្ពុជា អភិវឌ្ឍន៍ច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកស្នួល ខេត្តក្រចេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) និងសមាគម ICAK បានចុះទៅសិក្សាផ្ទាល់ពីសក្តានុពលនៃច្រកទ្វារព្រំដែនត្រពាំងស្រែនៃខេត្តក្រចេះដែលជាប់ព្រំដែនវៀតណាម និងបានស្នើឡើងនូវផែនការអភិវឌ្ឍនានាដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មតាមព្រំដែននៅកម្ពុជា។

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ(កម្ពុជា)-ខេត្តប៊ិញភឿក (វៀតណាម) ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានភាគីកូរ៉េលើកយកមកធ្វើបទបង្ហាញជូនភាគីកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនោះឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាមនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងរបស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ។

លោកបានបញ្ជាក់បន្ថែមថា៖« ការសិក្សានោះមានប្រាំមួយចំណុច រួមមាន សិក្សាពីប្រព័ន្ធភស្តុភារកម្ម , ស្ថាបត្យកម្មរចនាបថអគារ,រំហូរចរាចរណ៍ទំនិញ និងមនុស្ស , ការគិតគូរពីបរិស្ថាន, ការវិភាគសេដ្ឋកិច្ច និងការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)»។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានប្រាប់ឱ្យដឹងថា គ្រប់ភាគីបានពិភាក្សា និងផ្តល់យោបល់យ៉ាងច្រើនជាមួយភាគីកូរ៉េ ក្នុងការអភិវឌ្ឍន៍ច្រកទ្វារព្រំដែនមួយនេះ ដើម្បីសំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

លោកបន្ថែមថា សម្រាប់ច្រកព្រំដែនជាមួយប្រទេសវៀតណាម មានច្រើនរួមមាន ច្រកព្រែកចាក ច្រកត្រពាំងស្រែ ច្រកបន្ទាយចក្រី ច្រកបាវិត ច្រកព្រៃវល្លិ៍ ច្រកទាន់ហន់ ច្រកក្អមសំណរ ។ល។ ប៉ុន្តែយើងចង់រកច្រកដែលមានសក្តានុពលបន្ថែមទៀត បន្ទាប់ពីច្រកបាវិត ដែលមិនមានការកកស្ទះ អាចដឹកជញ្ជូនបានដោយរលូនសម្រាប់ធ្វើការអភិវឌ្ឍ។

លោកបន្តថា យើងចង់រកច្រកព្រំដែនផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ការដឹកជញ្ជូន ដោយមានភាពងាយស្រួល ការចំណាយតិច ដឹកជញ្ជូនបានឆាប់រហ័ស ទើបខាងក្រសួងសាធារណការរបស់យើង រួមជាមួយសមាគមភស្តុភារកម្មកម្ពុជា សហការជាមួយខាងកូរ៉េ សិក្សាមើលច្រកណាដែលមានសក្តានុពល។ដូចនេះច្រកត្រពាំងស្រែនេះ ក្នុងស្រុកស្នួល ខេត្តក្រចេះនេះ កន្លងមកមានការដឹកជញ្ជូនមមាញឹកគួរឱ្យកត់សម្គាល់ដែរ។

លោកបានបន្ថែមថា ដោយមើលឃើញពីសក្តានុពលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េ ជ្រើសរើសច្រកព្រំដែននេះមកសិក្សាដើម្បីជំរុញឱ្យការដឹកជញ្ជូននៅច្រកនោះកាន់តែប្រសើរឡើង សំដៅធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម៕ ដោយ៖ វណ្ណ សុជាតា

ads banner