ឯកអគ្គរដ្ឋទូតកូរ៉េទើបតែងតាំងថ្មី ប្តេជ្ញាជំរុញវិនិយោគិនកូរ៉េ មកវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើវិស័យភស្តុភារកម្ម ខណៈលោកក៏បានប្តេជ្ញាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជនពីប្រទេសកូរ៉េ មកសហប្រតិបត្តិការវិនិយោគក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ។

ការបង្ហាញជំហររបស់ភាគីកូរ៉េ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីឯកឧត្តម ផាក ជុនវុក៩PARK Jung-Wook)កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម PARK Jung-Wook បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា លោក PARK Jung-Wook បានធ្វើការប្តេជ្ញាចិត្តនិងសុច្ឆនៈយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ លោកនឹងខិតខំជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្មកម្ពុជាកាន់តែរីកចំរើន។

ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ជាមួយគ្នានេះដែរ លោក ក៏បានបង្ហាញការស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតកូរ៉េ ដែលចង់ជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម និងការអភិវឌ្ឍធនធានមនុស្សកម្ពុជាជាដើម។

ឆ្លៀតឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណកូរ៉េ ចំពោះការជួយជ្រោមជ្រែងកម្ពុជា នាពេលកន្លងមក តាមរយៈការសាងសងអគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ខណៈគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។ ជាមួយគ្នានេះ លោកថា នៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពាននេះជាផ្លូវការ។

គួរកត់សម្គាល់ដែរថា បច្ចុ្បន្ននេះ កម្ពុជាបាននិងកំពុងសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ហើយខ្លះទៀតក៏បានបញ្ចប់ការសិក្សាហើយដែរ។ ក្នុងនោះរួមមាន គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលទើបបញ្ចប់ការសិក្សាកាលពីពេលថ្មីៗ ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពតជាដើម។ បន្ថែមពីលើនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា។

ក្រសួងសារធារណការ ធ្លាប់បានអះអាងដែរថា ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជា មានការរីកចម្រើនបាន
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ឡូជីស្ទីក) មានភារកិច្ចតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធឡូជីស្ទីកកម្ពុជា ដែលរំពឹងថានឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែង របស់កម្ពុជាលើឆាកអន្តរជាតិបាន៕ អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner