ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នឹងផ្តល់ Wi-Fi ឥតដែនកំណត់ដោយឥតគិតថ្លៃដល់អ្នកដំណើរ ចាប់ពីខែកក្កដា តទៅ

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ឬឈ្មោះកាត់ថា SIA បន្តផ្តល់ Wi-Fi ក្នុងជើងហោះហើរគ្មានដែនកំណត់ដោយឥតគិតថ្លៃដល់អ្នកដំណើរដែលជាសមាជិក KrisFlyer ដែលហោះហើរក្នុងថ្នាក់សន្សំសំចៃ (Economy Class) និងថ្នាក់សន្សំសំចៃពិសេស (Premium Economy class) ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ថ្មីនេះអ្នកដំណើរថ្នាក់សន្សំសំចៃ និងថ្នាក់សន្សំសំចៃពិសេស របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះគឺត្រូវតែជាសមាជិកនៃកម្មវិធី KrisFlyer របស់ SIA ហើយការក្លាយជាសមាជិកគឺគ្រាន់តែចុចចុះឈ្មោះដោយឥតគិតថ្លៃប៉ុណ្ណោះ ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លោក Goh Choon Phong បានថ្លែងថា៖ «SIA នឹងក្លាយជា ក្រុមហ៊ុន អាកាសចរណ៍ដំបូងគេដែលផ្តល់ Wi-Fi ឥតដែនកំណត់ដោយឥតគិតថ្លៃដល់អតិថិជន នៅគ្រប់ថ្នាក់ទាំងអស់លើយន្តហោះ និងស្ទើរតែទូទាំងកងយន្តហោះទាំងមូល»។

លោក Goh Choon Phong បាននិយាយនៅតុមូលចំពោះមុខប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ SIA ក្នុងការធ្វើឱ្យប្រសើរឡើងនូវ បទពិសោធហោះហើរសម្រាប់អ្នកដំណើររបស់ខ្លួន។

ការផ្តល់ជូនWi-Fi ឥតដែនកំណត់នេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានធ្វើការផ្លាស់ប្តូរ
មួយចំនួន តួយ៉ាងដូចជាការផ្តល់អាហារជូនអ្នកដំណើរថ្នាក់សន្សំសំចៃឡើងវិញ ក៏ដូចជាការណែនាំអាហារឡើងវិញដល់អ្នកដំណើររបស់ខ្លួនចាប់តាំងពីថ្ងៃទី ០១ ខែមិថុនា។

មុនថ្ងៃទី០១ ខែកក្កដានេះ សមាជិក KrisFlyer ដែលធ្វើដំណើរក្នុងថ្នាក់សន្សំសំចៃ និងថ្នាក់សន្សំ សំចៃពិសេស ត្រូវបានផ្តល់ជូន Wi-Fi ត្រឹមតែ ពីរ ឬបីម៉ោងប៉ុណ្ណោះ។

ការដាក់ឱ្យប្រើប្រាស់ Wi-Fi ឥតដែនកំណត់ដោយឥតគិតថ្លៃក្នុងជើងហោះហើរទៅកាន់សមាជិក KrisFlyer គឺជាជំហានមួយពីការកើនឡើងសិទ្ធិប្រើប្រាស់ Wi-Fi របស់ SIA កាលពីខែមករា។

លោក Goh Choon Phong បានថ្លែងបន្ថែមថា៖ «ជាមួយនឹងប្រព័ន្ធ Wi-Fi របស់យើង អតិថិជនទាំងអស់អាចបន្តរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ បង្ហោះរូបថតនៅលើបណ្តាញ ទំនាក់ទំនងសង្គម ឬបន្តធ្វើបច្ចុប្បន្នភាពលើព័ត៌មានចុងក្រោយបំផុត»។

លោកបន្តថា «ល្បឿន និងបទពិសោធ Wi-Fi ខណៈពេលហោះហើរអាចខុសគ្នាពីបណ្តាញ នៅឯមូល ដ្ឋាន ហើយវាអាស្រ័យលើចំនួនអ្នកប្រើប្រាស់ដំណាលគ្នា និងប្រភេទនៃកម្មវិធីដែលអ្នកប្រើប្រាស់ បានប្រើលើឧបករណ៍របស់ពួកគេ»៕ ប្រែសម្រួលដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner