អាល្លឺម៉ង់ នឹងបិទស្ថានកុងស៊ុលរុស្ស៊ីដើម្បីជាការឆ្លើយតបនឹងរុស្ស៊ីដែលបានកំណត់ចំនួនមន្ត្រីធ្វើការរបស់ខ្លួន

បែរឡាំង៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ខ្លួននឹងបិទស្ថានកុងស៊ុលរុស្ស៊ីចំនួនបួន កន្លែងក្នុងចំណោមប្រាំស្ថានកុងស៊ុលផ្សេងទៀត ដោយដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ ការធ្វើបែបនេះគឺដើម្បីជាការឆ្លើយតបទៅនឹងរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានសម្រេចកំណត់ចំនួនមន្ត្រីអាល្លឺម៉ង់ដែលកំពុងធ្វើការនៅក្នុងប្រទេសរុស្ស៊ីមកត្រឹមតែ ៣៥០ នាក់។

ការឆ្លើយតបរបស់អាល្លឺម៉ង់បែបនេះ បានជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ដុនដាបស្រាប់ ពោលគឺចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីរបស់អ៊ុយក្រែនកាលពីដើមឆ្នាំ២០២២។
ដោយឡែក រុស្ស៊ីបានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់អាល្លឺម៉ង់យ៉ាងខ្លាំង និងបានលើកឡើងថាសកម្មភាពរបស់អាល្លឺម៉ង់គឺមានចេតនារករឿងបង្កហេតុហើយថារុស្ស៊ីនឹងឆ្លើយតបវិញជាក់ជាមិនខាន។

រីឯក្រសួងការបរទេសអាល្លឺម៉ង់វិញ បានចោទប្រកាន់ទីក្រុងមូស្គូថាជាអ្នកបង្កើនភាពតានតឹង តាមរយៈការកំណត់ចំនួនមន្ត្រីអាល្លឺម៉ង់ដែលកំពុងបំពេញតួនាទីនៅរុស្ស៊ី។ អ្នកនាំពាក្យម្នាក់បាននិយាយថា «ការសម្រេចចិត្តដែលមិនសមហេតុផលនេះកំពុងបង្ខំឱ្យរដ្ឋាភិបាលសហព័ន្ធធ្វើការកាត់ផ្ដាច់ទំនាក់ទំនងស្ទើរគ្រប់វិស័យនៅក្នុងប្រទេសរុស្ស៊ី»។

ក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹងនៅតែត្រូវបានអនុញ្ញាតឱ្យបើកដំណើរការស្ថានទូតរបស់ខ្លួននៅទីក្រុងប៊ែរឡាំងជាធម្មតា និងស្ថានកុងស៊ុលទូទៅមួយកន្លែង ប៉ុន្តែអាល្លឺម៉ង់រំពឹងថាស្ថានកុងស៊ុលដទៃទៀត នឹងតម្រូវឱ្យឈប់ប្រតិបត្តិការនៅចុងឆ្នាំ២០២៣នេះ។

គួរដឹងដែរថា ប្រទេសអាល្លឺម៉ង់នឹងបិទស្ថានកុងស៊ុលរបស់ខ្លួនផងដែរនៅក្នុងទីក្រុងមួយចំនួននៅប្រទេសរុស្ស៊ី ក្នុងនោះរួមមានទីក្រុង កាលីនីងហ្ក្រាដ (Kaliningrad) ទីក្រុងយេកាតឺរីនបឺក (Yekaterinburg) និងទីក្រុងណូវ៉ូស៊ីបឺសក៍ (Novosibirsk) ដោយទុកតែស្ថានទូតអាល្លឺម៉ង់នៅទីក្រុងមូស្គូ និងស្ថានកុងស៊ុលនៅទីក្រុងផេថឺស្បឺក (Petersburg) តែប៉ុណ្ណោះ។

នៅទីក្រុងមូស្គូវិញ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់អាល្លឺម៉ង់ថា «ជាជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពសោះកក្រោះ និងមានគោលបំណងបំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។ ក្រសួងបានបន្ថែមថា «យើងនឹងធ្វើការឆ្លើយតបវិញចំពោះសកម្មភាពរបស់ទីក្រុងប៊ែរឡាំង»។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតថានឹងឆ្លើយតបយ៉ាងណានោះទេ។

គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាប្រទេសដែលធ្លាប់ធ្វើការនាំចូលប្រេង និងឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី ប៉ុន្តែពេលនេះ ប្រទេសទាំងពីរបានបែកបាក់ប្រេះឆា ពោលគឺចាប់តាំងពីរុស្ស៊ីធ្វើការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយលោកខាងលិច រួមទាំងអាល្លឺម៉ង់ផងនោះ បានឆ្លើយតបដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី និងបានផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឱ្យអ៊ុយក្រែន៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner