អង្គការសហប្រជាជាតិ៖ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង អាចបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនផ្លូវទឹក
ភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បណ្ដាប្រទេសមួយចំនួនបានប្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា ការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងកំពុងបង្កគ្រោះថ្នាក់ដល់ផ្លូវដឹកជញ្ជូនទំនិញដែលជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកនៅក្នុងតំបន់អាស៊ីភាគឦសាន ហើយនាវាដឹកទំនិញទាំងអស់នោះពុំទទួលបានការជូនដំណឹងជាមុនឡើយ។
កាលពីថ្ងៃពុធ កូរ៉េខាងជើងបានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបលើកទីប្រាំមួយដែលមានបំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយគ្រឿងម៉ាស៊ីននិងតួខ្លួនផ្កាយរណបទាំងមូលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ យ៉ាងណាក៏ដោយ ហេតុការណ៍នេះបានជំរុញឱ្យមានការប្រកាសអាសន្ន និងការព្រមានឱ្យធ្វើការជម្លៀសខ្លួននៅតំបន់មួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
គួរដឹងដែរថា យោងតាមសេចក្ដីសម្រេចមួយដែលត្រូវបានអនុម័តយល់ព្រមដោយប្រទេសភាគច្រើនប្រមាណជាជាង ១០០ ប្រទេស កាលពីមានជំនួបកិច្ចប្រជុំមួយក្នុងគណៈកម្មាធិការសន្តិសុខរបស់អង្គការដែនសមុទ្រអន្តរជាតិ ឬហៅកាត់ថា IMO បណ្ដាប្រទេសទាំងនោះបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការធ្វើតេស្តសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលជាសកម្មភាពគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកធ្វើដំណើរតាមសមុទ្រ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិ។
ចំណែកកូរ៉េខាងជើងបានច្រានចោលសេចក្តីសម្រេចនេះ និងបានបដិសេធសំណុំឯកសារដែលដាក់ជូនទៅកាន់ទីភ្នាក់ងារដែនសមុទ្ររបស់អង្គការសហប្រជាជាតិដោយប្រទេសមួយចំនួន ក្នុងនោះរួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ កូរ៉េខាងជើងបានធ្វើការឆ្លើយតបថា «ការបាញ់សាកល្បងមីស៊ីលគឺជាទម្លាប់មួយដ៏សមស្រប និងជាផែនការការពារខ្លួនដែលធ្វើឡើងដោយរដ្ឋអធិបតេយ្យ ដើម្បីការពារសន្តិសុខជាតិ»។
បន្ថែមលើនេះ កូរ៉េខាងជើងបានលើកឡើងទៅកាន់គណៈកម្មាធិការ IMO ថា «កូរ៉េខាងជើងមិនស្ថិតនៅក្នុងកាលៈទេសៈមួយដែលត្រូវផ្តល់ការជូនដំណឹងជាមុន អំពីសកម្មភាពសមយុទ្ធយោធារបស់ខ្លួន និងអំពីវិធានការការពារខ្លួនណាមួយនោះទេ»។
កូរ៉េខាងជើងបានបន្ថែមថា ការបាញ់មីស៊ីលនេះ គឺផ្អែកទៅលើការគណនាបែបវិទ្យាសាស្រ្តដ៏ត្រឹមត្រូវ និងឆ្លងកាត់ការពិចារណាលើផលប៉ះពាល់ផ្សេងៗ ជាពិសេសផ្លូវនាវាដែលកំពុងដំណើរការនៅក្នុងដែនសមុទ្រ។ គួរបញ្ជាក់ថា ប្រទេសមួយចំនួនផ្សេងទៀតក៏បានដាក់សំណុំឯកសារដើម្បីបង្ហាញពីការព្រួយបារម្ភនេះទៅកាន់ទីភ្នាក់ងារដែនសមុទ្ររបស់អង្គការសហប្រជាជាតិផងដែរ ក្នុងនោះមានដូចជា ប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ន័រវេស អេស្ប៉ាញ អ៊ុយក្រែន អង់គ្លេស និងវ៉ានូអាទូ៕ ប្រែសម្រួលដោយ៖ ធា សុណា