លោក ភីតា អាចរបូតសិទ្ធិធ្វើជានាយករដ្ឋមន្រ្តី ដោយសារតែការចោទប្រកាន់ថាលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ
ថៃ៖ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នថៃ លោក Wissanu Krea-ngam បានលើកឡើងកាលពីថ្ងៃពុធ ទី ៣១ ឧសភា ប្រធានគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលនាំមុខគេក្នុងការបោះឆ្នោត លោក ភីតា លីមចារើនរ៉ាត អាចត្រូវដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែពាក្យបណ្តឹងថាលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលបំពានលើរដ្ឋធម្មនុញ្ញ។
លោក Wissanu អះអាងថា ព័ត៌មានលម្អិតនៃពាក្យបណ្តឹងប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក ភីតា ក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាកត្តាសំខាន់ដែលកំណត់សិទ្ធិរបស់លោកសម្រាប់តំណែងកំពូលរបស់ប្រទេស។
ឧបនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នដដែល បន្តថា ប្រសិនបើពាក្យបណ្តឹងនោះ កំណត់គោលដៅលើសិទ្ធិធ្វើជានាយករដ្ឋមន្ត្រីលោក ភីតា នៅតែអាចជាសមាជិកសភាថៃ ប៉ុន្តែបើវាកំណត់គោលដៅទាំង២ តុលាការនឹងសម្រេចសេចក្ដីលើសិទ្ធិទាំង២។ នេះបើតាមការស្រង់សម្ដីរបស់បាងកកប៉ុស្តិ៍។
គួររំឭកថា មុនការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា លោក Ruangkrai Leekitwattana ដែលជាបេក្ខជនសមាជិកសភាក្នុងបញ្ជីរបស់គណបក្សនិយមយោធា Palang Pracharat បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយអះអាងថា លោក ភីតា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមការប្រកួតប្រជែងការបោះឆ្នោត ដោយសារតែលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលវាគឺជាការបំពានរដ្ឋធម្មនុញ្ញ។
កថាខណ្ឌទី ៩៨ នៃរដ្ឋធម្មនុញ្ញថៃ បានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃស្ថាប័នសារព័ត៌មាន ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយណាមួយ។
បើតាមលោក Wissanu ពាក្យបណ្តឹងក៏ប្រហែលជាកំណត់គោលដៅលើការយល់ព្រមរបស់លោក ភីតា ចំពោះសមាជិកភាពគណបក្ស MFP ផងដែរ ដែលក្នុងករណីនេះ វាត្រូវតែមានការបោះឆ្នោតសកលទូទាំងប្រទេសជាថ្មី។ នេះបើតាមការស្រង់សម្ដីរបស់បាងកកប៉ុស្តិ៍។ យ៉ាងណាមិញ លោក Wissanu បានឱ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មិនបានចាត់វិធានការណាមួយនៅឡើយទេ ខណៈសុំឱ្យប្រជាជនកុំទាន់ធ្វើការសន្និដ្ឋាន «សេណារីយ៉ូអវិជ្ជមាន» ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Wissanu លោក ភីតា បានបញ្ជាក់ជាថ្មីប្រាប់បាងកកប៉ុស្តិ៍ថា គណបក្ស MFP មិនព្រួយបារម្ភនេះទេ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហា។ លោកថា មានពេលសម្រាប់លោក ដើម្បីបំភ្លឺការចោទប្រកាន់ ប៉ុន្តែលោកមិនបានឃើញព័ត៌មានលម្អិតនៃពាក្យបណ្ដឹងនោះនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ៩ ខែឧសភា ពោលគឺមុនការបោះឆ្នោត លោក ភីតា បាននិយាយនៅលើបណ្ដាញសង្គមធ្វីតធឺរថា លោកមិនខ្វល់អំពីករណីចោទប្រកាន់លើរូបលោកនោះទេ ព្រោះភាគហ៊ុននៅក្រុមហ៊ុន iTV Plc ជាកម្មសិទ្ធិមូលនិធិមរតកនៃគ្រួសាររបស់លោក។ លោកបន្តថា៖ «ខ្ញុំគឺជាអ្នកគ្រប់គ្រងមូលនិធិ ហើយខ្ញុំបានពិគ្រោះ ព្រមទាំងជូនដំណឹងដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ជាយូរមកហើយ»។
គួរគូសបញ្ជាក់ជាថ្មីថា គណបក្ស MFP របស់លោក ភីតា បានឈ្នះការបោះឆ្នោតនាំមុខគេ ដោយទទួលបានសម្លេងគាំទ្រ ១៥១ អាសនៈក្នុងសភា។ ក្រោយទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ គណបក្សនេះបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន៧ ផ្សេងទៀត ដែលធ្វើឱ្យសម្ព័ន្ធភាពចម្រុះនេះមានសមាជិកសភា ៣១២ នាក់ ក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុប ៥០០ នាក់។ យ៉ាងណាមិញ លោក ភីតា អាចក្លាយជានាយករដ្ឋមន្រ្តី ឬសម្ព័ន្ធភាពចម្រុះអាចបង្កើតរដ្ឋាភិបាលបាន លុះត្រាតែទទួលបានការគាំទ្រយ៉ាងតិច ៣៧៦ សំឡេង ទាំងពីសភាសភាជាប់ឆ្នោត និងសមាជិកព្រឹទ្ធសភា៕ ប្រែសម្រួលដោយ៖ ហួន ឌីណា