ក្រសួងការងារអំពាវនាវដល់ម្ចាស់សហគ្រាសទាំងអស់ ត្រូវបង្ហាញពីការដាក់ពាក្យស្នើសុំបណ្ណការងារជនបរទេស នៅពេលក្រសួងចុះធ្វើអធិការកិច្ច
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមានជនបរទេសបម្រើការងារ ចាំបាច់ត្រូវតែបង្ហាញការដាក់ពាក្យស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅពេលមន្រ្តីក្រសួងការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់ទីតាំងផ្ទាល់។
នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ការណែនាំនេះ បន្ទាប់ក្រសួងការងារ សង្កេតឃើញថា ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសកន្លងមក នៅមានការបកស្រាយផ្សេងៗគ្នារវាងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស និងមន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស ទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេស ដែលទើបបានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេសនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យកម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (www.fwcms.mlvt.gov.kh)។

អាស្រ័យហេតុនេះ ក្រសួងការងារ បានធ្វើការណែនាំមួយចំនួនទៅដល់ម្ចាស់សហគ្រាស ឫជនបរទេស រួមមានទី១ នៅពេលចុះអធិការកិច្ចហត្ថពលកម្មបរទេស ហើយត្រួតពិនិត្យឃើញមានសហគ្រាស គ្រឹះស្ថាន ឬជនបរទេស បានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ហើយទទួលបានការអនុម័តកំរិតទី១ (កំរិតការិយាល័យជំនាញ) រួចហើយ ចាត់ទុកថាសហគ្រាស គ្រឹះស្ថាន ឬជនបរទេស បានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងមិនទទួលរងការ ពិន័យភ្លាមលើករណីលិខិតអនុញ្ញាតិឱ្យប្រើប្រាស់ហត្ថពលកម្មបរទេស និងករណីបណ្ណការងារ និងសៀវភៅការងារជនបរទេស។
ការណែនាំទី២ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស ត្រូវតែបង្ហាញលទ្ធផលនៃការដាក់ពាក្យស្នើសុំ ក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ដូចជា បង្កាន់ដៃបង់ប្រាក់ ឬបណ្ណការងារ និងសៀវភៅការងារជនបរទេសក្នុងរយៈពេល២០ថ្ងៃ ដល់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បន្ទាប់ពីថ្ងៃដែលពិនិត្យឃើញ។ ទី៣ ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស មិនបានបង្ហាញលទ្ធផលតាមការកំណត់ដូចក្នុងចំណុចទី២ខាងលើ មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ប្រភពដដែលបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា មន្រ្តីអធិការកិច្ចហត្ថពលកម្មបរទេស និងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស នឹងអនុវត្តតាមសេចក្ដីណែនាំ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់»។
ពាក់ព័ន្ធករណីនេះឯឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្ត និងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ត្រៀមរៀបចំមន្ត្រី ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដើម្បីពិនិត្យមើលពីបណ្ណការងារ និងសៀវភៅការងារជនបរទេស។ លោកគូសបញ្ជាក់ថា៖«ការត្រួតពិនិត្យនេះ នឹងជំរុញឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងការគ្រប់គ្រងឱ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការវាមានការខ្វះខាត ក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត»។ លោក គួច ចំរើន ថ្លែងបែបនេះឡើង ក្នុងជំនួបពិភាក្សាការងារជាមួយនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា៖ «ជនបរទេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ ១០០ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្តល់កិច្ចសហការពេញទំហឹង ដើម្បីឱ្យដំណើការប្រព្រឹត្តទៅបានល្អ»។ ទន្ទឹមនោះដែរ លោកស្នើសុំឱ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រងភ្ញៀវបរទេសស្នាក់នៅក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុនដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ»។
បន្ថែមពីនេះឯកឧត្តម គួច ចំរើន អំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារចុះត្រួតពិនិត្យរកឃើញមានជនបរទេសស្នាក់នៅមិនមានប័ណ្ណការងារ និងតម្រូវឱ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា។
កន្លងមកដោយអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាសគ្រឹះស្ថានដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០០។
ក្រសួងការងារ គូសបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីសំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់ នូវការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនបានធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋានជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ៕ ដោយ៖ ជា សុខនី