ឯកឧត្តម ឌឹម សុវណ្ណារុំ៖ កម្ពុជាបានចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិលើការរៀបចំការបោះឆ្នោត ពិសេសកា្លយជាសមាជិករបស់ RECEF

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងនាមប្រទេសកម្ពុជា និង គ.ជ.ប មានការសប្បាយរីករាយដោយសារកម្ពុជាបានចូលរួមដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិនាឱកាស សិក្ខាសាលាអន្តរជាតិពាក់ព័ន្ធការបោះឆ្នោត។

ឯកឧត្តមបានថ្លែងដូចនេះ ក្នុងសន្និសីទសារព័ត៌មាននាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ស្តីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពី «បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត» និងមហាសន្និបាតលើកទី១០របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF)។

ឯកឧត្តមបានលើកឡើងថា នៅក្នុងសិក្ខាសាលាអន្តរជាតិនោះ ប្រទេសដែលបានចូលរួមបានយកសន្លឹកឆ្នោតរបស់ខ្លួនមកដាក់តាំងពិព័រណ៍ រួមទាំងកម្ពុជាផងដែរដោយលោកបានយកសន្លឹកឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៨ ចូលរួមដែរ ដោយមានភ្ជាប់នូវរូបភាពមួយក្នុងន័យថា «ដំរីក៏ចូលរួមក្នុងការផ្តល់សេវា» ដែរ គឺជាអ្នកដឹកសន្លឹកឆ្នោត ដោយមានការចាប់អារម្មណ៍ច្រើន។

ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ៖ «ការចូលរួមរបស់យើងនេះ យើងមានការសប្បាយរីករាយ ដោយសារយើងបានចូលរួមដោយស្មើមុខស្មើមាត់ជាមួយនឹងគេដែរ ទាំងមានសមាសភាពមកពីប្រទេសបារាំង រ៉ូម៉ានី និងប្រទេសជាច្រើនទៀតនៅអាហ្វ្រិក រួមទាំងកម្ពុជាយើងផងដែរ»។

បើតាមការបញ្ជាក់ពីឯកឧត្តម ឌឹម សុវណ្ណារុំ សិក្ខាសាលាអន្តរជាតិនេះ ផ្តោតសំខាន់ទៅលើកិច្ចការសំខាន់មួយចំនួន ក្នុងនោះមានការលើកឡើងពីប្រព័ន្ធបោះឆ្នោតដោយពិភាក្សាគ្នាលើថាតើប្រព័ន្ធបោះឆ្នោតមួយណាដែលធ្វើឱ្យមានការទាក់ទាញអ្នកបោះឆ្នោតឱ្យបានច្រើន?, ការគិតគូរទៅលើជនមានពិការភាព, អ្នកបោះឆ្នោតជាជនអន្តោប្រវេសន៍, ការបោះឆ្នោតដោយជំនួស, ការបោះឆ្នោតដោយផ្ញើតាមប្រៃសនីយ៍ និងការបោះឆ្នោតដោយគិតគូពីជនជាតិភាគតិច ជាដើម។

លោកបានថ្លែងថា ៖ «នៅក្នុងកិច្ចពិភាក្សានោះ ខ្ញុំបានលើកឡើងថា ច្បាប់បោះឆ្នោតកម្ពុជាគឺដើម្បីបោះឆ្នោតបានម្ចាស់បោះឆ្នោតត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណបំរើឱ្យការបោះឆ្នោត…»។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបន្តថា ៖ «សរុបឱ្យខ្លីមក គណៈកម្មាធិការបោះឆ្នោតនៃប្រទេសនីមួយៗ មិនដូចគ្នាទេ មានច្រើនប្រទេស តែច្រើនយ៉ាងណាក៏ដោយ មានការជជែករៀងៗខ្លួនៗគឺមានប្រទេសជាអធិបតេយ្យដែលគាត់ជ្រើសរើសប្រព័ន្ធបោះឆ្នោតរបស់គាត់យកមកដើម្បីបំរើសម្ចាស់ឆ្នោតរបស់គាត់»។

ជាមួយគ្នានោះដែរឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានលើកឡើងផងដែរពីមហាសន្និបាតលើកទី១០ របស់ RECEF ដោយមហាសន្និបាតទាំងមូលដែលមានតំណាងមកពី២២ប្រទេស ស្ថាប័នដែលជាដៃគូ បានប្រកាសគាំទ្រដាក់បញ្ចូលគ.ជ.បកម្ពុជា ចូលជាសមាជិករបស់ RECEFនេះ។

លោកបានបញ្ជាក់ថា ៖ «ដំណឹងល្អរបស់យើងមួយទៀតដែរ គឺ RECEFបានត្រៀមខ្លួនរួចជាស្រេសដើម្បីមកចូលរួមក្នុងការងារដើម្បីសង្កេតការបោះឆ្នោតនៅកម្ពុជា គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។

នៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខ RECEF នឹងមានការបណ្តុះបណ្តាលស្រ្តីដែលចេះនិយាយភាសាបារាំងស្តីពី ភាពជាអ្នកដឹកនាំក្នុងកិច្ចការនយោបាយ នឹងអញ្ជើញស្រ្តីមួយរូបដែលចេះនិយាយភាសាបារាំងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលជាសមាជិករបស់ RECEF។

សូមបញ្ជាក់ផងដែរថា គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ប៉ុន្តែកម្ពុជាជាសមាជិកនៃអង្គការនៃប្រទេសនិយាយភាសាបារាំង នៅឆ្នាំ ១៩៩៣ ហើយនៅឆ្នាំ២០២៣នេះ គ.ជ.ប បានក្លាយទៅជាសមាជិកនៃRECEF។

ដោយឡែក នាថ្ងៃទី១ ខែមិថុនា គ.ជ.ប បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប នៅទីស្ដីការ គ.ជ.ប។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបការបោះឆ្នោត បានថ្លែងនាពិធីបើកនោះថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខនេះទទួលបាននូវលទ្ធផលល្អប្រសើរ គឺទាមទារឱ្យមន្រ្តីបោះឆ្នោតគ្រប់រូបយល់ដឹងឱ្យបានកាន់តែច្បាស់លាស់ពីច្បាប់ បទបញ្ជា នីតិវិធី និងលក្ខខណ្ឌនានាបំរើឱ្យការបោះឆ្នោត ជាពិសេសគ្រូបង្ហាត់ គ.ជ.ប៕ ដោយ៖ នាង សុគន្ធា

ads banner