មន្ទីរសុខាភិបាលខេត្តព្រះវិហារ ប្រកាសផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ

អត្ថបទដោយ៖
CPA

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក បានប្រកាសផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះរយៈពេលប្រាំថ្ងៃ ក្នុងខែមិថុនានេះ។

សេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត សហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក ក្រោមការឧបត្ថម្ភពីមូលនិធិហ្វ្រេតហូឡូ (Fred Hollows Foundation) បានប្រកាសផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ ដែលមានបញ្ហាជំងឺភ្នែកដូចជា ភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែន និងត្របកភ្នែកធ្លាក់ជាដើម។ ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃនេះ នឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា។ ហើយសម្រាប់ការពិនិត្យ និងតាមដានក្រោយការវះកាត់ជំងឺភ្នែក នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករាដដែល។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលកន្លងមកមានប្រជាជនជាច្រើនបានមកទទួលសេវាពិនិត្យ និងវះកាត់ជំងឺភ្នែកឥតគិតថ្លៃនេះ។ លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ ការរៀបចំលើកនេះ វាជាលើកទី២ហើយ ដែលមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យជាតិ បានប្រកាសផ្ដល់ការវះកាត់ភ្នែកឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដុះកន្ទុយថ្លែន និងភ្នែកឡើងបាយ។

លោកបញ្ជាក់ថា ការផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ និងជាពិសេសប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដែលភាគច្រើនពួកគាត់មានបញ្ហាភ្នែកឡើងបាយ ហើយប្រសិនជាពួកគាត់មិនបានធ្វើការវះកាត់ ឫដាក់លែនទេ ពួកគាត់នឹងមានបញ្ហាងងឹត ឫអាចមើលមិនឃើញ។ ដូច្នេះនៅពេលមានការរៀបចំពិនិត្យ និងវះកាត់ភ្នែកដាក់លែនឱ្យពួកគាត់ នោះពួកគាត់ប្រាកដជាបានមើលឃើញនូវអ្វីដែលទិដ្ឋភាពខាងក្រៅពិតប្រាកដ ហើយពួកគាត់នឹងមានការសប្បាយចិត្ត។

លោក គួង ឡូ បានឱ្យដឹងថា៖ «ហេតុនេះការពិនិត្យ ព្យាបាល និងវះកាត់នេះ គឺមិនមានលក្ខខណ្ឌតម្រូវអ្វីទាំងអស់ ឱ្យតែគាត់មានបញ្ហាភ្នែក គឺគាត់អាចទទួលបានសេវាព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃបានហើយ ហើយកន្លងមកមានប្រជាពលរដ្ឋវះកាត់បញ្ហាជំងឺភ្នែកម្ដងៗជាង ១០០នាក់»។

បន្ថែមពីនេះទៀត លោក គួង ឡូ ថា មន្ទីរសុខាភិបាលខេត្ត ក៏នឹងចុះទៅស្វែងរកអ្នកមានជំងឺភ្នែក ឫមានបញ្ហាភ្នែកដោយផ្ទាល់ផងដែរ ដើម្បីធ្វើការណាត់ពួកគាត់ឱ្យជួបជាមួយក្រុមគ្រូពេទ្យជំនាញ នាឱកាសក្រុមគ្រូពេទ្យចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លែ៕ ដោយ៖ ជា សុខនី

ads banner