យុវតីខ្មែរមួយរូប កែច្នៃកាកសំណល់ផ្លែឈើទៅជា ផលិតជីទឹក កំពុងទទួលបានការគាំទ្រពីកសិករ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សំណល់ផ្លែឈើ ដែលជាទូទៅគេ ត្រូវបានមនុស្សជាច្រើនមើលរំលង បោះចោលទៅជាសំរាមគ្មានតម្លៃ ប៉ុន្តែយុវតីខ្មែរមួយរូបដែលរស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានគំនិតយកសំណល់ទាំងនោះទៅកែច្នៃផលិតចេញជាជីទឹកសម្រាប់ស្រោចស្រពដំណាំដើម្បីលើកស្ទួយវិស័យកសិកម្មនិងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាកសិករ។

កញ្ញា បុត្រចាន់ សេរីរត្ន ជាប្រធានសហគ្រាសជីធម្មជាតិតូនី អេសអិម និងជាអ្នកជំនាញផ្នែកកសិកម្ម មួយរូបបានរៀបរាប់ថាការកែច្នៃសំណល់ផ្លែឈើទៅជាជីទឹករបស់សហគ្រាសមួយនេះបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ និងផ្តើមចេញពីភាពជោគជ័យនៃការស្រាវជ្រាវរបស់ឪពុករបស់កញ្ញាផ្ទាល់។

កញ្ញា សេរីរត្ន បានឱ្យដឹងទៀតថា ដើមចមដំបូងឡើយគឺចេញពីឪពុក សម្រាប់រូបមន្តនៃការផលិតជីធម្មជាតិនេះ។ឪពុករបស់កញ្ញាជាមន្ត្រីកសិកម្ម។ដោយឆ្លងកាត់ការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដល់ពេលផលិតក៏បានជោគជ័យ។ទើបមកដល់ឆ្នាំ២០១៩ កញ្ញាបានបង្កើតទៅជាសហគ្រាសមានដែលឈ្មោះត្រឹមត្រូវ។

ចេញពីសំណល់ផ្លែឈើចម្រុះជាច្រើនប្រភេទ ការកែច្នៃក៏បង្កើតបានជាជីច្រើនប្រភេទផងដែរ ដោយជីទឹកទាំងនោះអាចបំពេញតម្រូវការដល់ដំណាំវិលជុំគ្រប់ប្រភេទរួមទាំងក្លាយជាអាហារបំប៉នដល់សត្វទាំងក្នុងទឹក និងលើគោកទៀតផង។

កញ្ញាបានរៀបរាប់ឱ្យដឹងថា៖ «ជីទឹករបស់ខ្ញុំនេះត្រូវបានកែច្នៃចេញពីផ្លែឈើចម្រុះគ្រប់ប្រភេទ ដោយផលិតផលជីទឹកនេះ មានចំនួនប្រាំប្រភេទ។បីប្រភេទគឺប្រើទៅលើផលដំណាំ ។ចំណែកឯពីរប្រភេទទៀត ប្រើសម្រាប់ការចិញ្ចឹមសត្វក្នុងទឹក និងសត្វលើគោក ដែលយើងអាចហៅបានថាអាហារបំប៉ន»។

កញ្ញាបានពន្យល់ថា ជីទឹក មានលក្ខណៈខុសប្លែកពីជីគីមី គឺដោយសារវាជួយកាត់បន្ថយការប្រើប្រាស់ជីគីមីផង វាមានលក្ខណៈបំប៉ន និងជំនួយផង។ ឧទាហរណ៍ថា សម្រាប់ការប្រើប្រាស់ទៅលើដីវាជំរុញឱ្យដីធូរ,កាត់បន្ថយនៃការប្រើប្រាស់គីមីនិងការចំណាយ។ចំណែកទៅលើសត្វវិញ ហៅថាអាហារបំប៉ន ដូចជាត្រីវានឹងផ្តល់សារធាតុចិញ្ចឹមជំរុញអុកស៊ីហ្សែនត្រី កាត់បន្ថយជាតិពុលក្នុងទឹក និងធ្វើឱ្យត្រីមានសុខភាពល្អឆាប់ធំ។

កញ្ញាឱ្យដឹងទៀតថា បច្ចុប្បន្នផលិតផលជីទឹករបស់កញ្ញាកំពុងមានតម្រូវការខ្ពស់ ដោយសារកាលពីមុនកសិករប្រើជីគីមីគឺចំណាយច្រើន និងប៉ះពាល់សុខភាពផងនោះ ទើបពួកគាត់ងាកទៅប្រើផលិតផលនេះ នឹងក្លាយទៅជាម៉ូយតែម្ដង។

កញ្ញា សេរីរត្ន និយាយថា៖ «ពេលដែលគាត់ប្រើជីទឹកនេះ គាត់អាចកាត់បន្ថយការប្រើប្រាស់ជីគីមីបានរហូតដល់ទៅ ៥០ភាគរយ។ចំណែកឯទិន្នផលគឺទទួលបានដូចគ្នា។ និយាយរួមគឺចំណេញទាំងថវិកា ហើយមិនប៉ះពាល់សុខភាពរបស់ពួកគាត់»។

បង្កើតឡើងដោយសមាជិកគ្រួសារ ចំណែកការផលិតក៏ផលិតជាលក្ខណៈគ្រួសារ កញ្ញា សេរីរត្ន បានឱ្យដឹងថា ការផលិតនៃសហគ្រាសរបស់កញ្ញាគឺកែច្នៃនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជាការផលិត ចេញពីដៃសមាជិកគ្រួសារកញ្ញា ៣-៤នាក់ លើកលែងតែរដូវខ្លះដែលត្រូវផលិតច្រើនទើបមានការហៅកសិករដែលនៅជុំវិញសហគ្រាសមកជួយ។

សម្រាប់ទំហំនៃការផលិត កញ្ញាបានប្រាប់ថា ការផលិត គឺវាមិនមានភាពទៀងទាត់នោះទេដោយសារតែយើងប្រែប្រួល ឬឆ្លាស់ទៅតាមរដូវនៃការដាំដុះរបស់កសិករ។ឧទាហរណ៍សម្រាប់រដូវដំណាំធំៗដូចជា រដូវចន្ទី រដូវទុរេន យើងផលិតជាជីទឹកសម្រាប់ដំណាំប្រភេទនេះ ហើយបើសម្រាប់ខែណាសម្រាប់សត្វយើងផ្ដោតទៅលើសត្វ។ និយាយរួមគឺយើងផលិតរាល់ខែ ។លក់ចេញគ្រប់ខែទៅតាមរដូវប្រាំង រដូវវស្សា ។

បច្ចុប្បន្នសហគ្រាសរបស់កញ្ញា សេរីរត្ន កែច្នៃជីទឹកជាប្រាំប្រភេទ និងពីរទំហំ។ គឺទំហំចំណុះប្រាំលីត្រ និងចំណុះ៣០លីត្រដែលប្រើសម្រាប់ចម្ការធំៗ ហើយផលិតផលនេះក៏អាចប្រើទៅលើដំណាំកៅស៊ូ និងប្រភេទដំណាំធំៗបានផងដែរ។

កញ្ញា សេរីរត្ន បញ្ជាក់ឱ្យដឹងថា ក្នុងមួយខែសហគ្រាសអាចលក់បានចន្លោះពី ៥០០-១០០០ ឯកតា។

ក្រៅពីនេះ កញ្ញា សេរីរត្ន ថាសហគ្រាសមួយនេះក៏សហការជាមួយនឹងរដ្ឋផងដែរ ដោយមានការចុះទៅបង្រៀនកសិករ ធ្វើយ៉ាងណាឱ្យចំណាយតិច សុវត្ថិភាព និងទទួលផលបានច្រើន។

ក្នុងនាមជាអ្នកជំនាញមួយរូប និងម្ចាស់សហគ្រាសផលិតផលកសិកម្ម កញ្ញា បុត្រចាន់ សេរីរត្ន បានសំណូមទៅដល់កសិករឱ្យព្យាយាមស្វែងយល់ពីប្រភេទជី មុនប្រើប្រាស់គួរប្រើប្រាស់ជីណាដែលវាអាចកាត់បន្ថយការចំណាយបានច្រើននិងកុំប្រើជីណាដែលវាប៉ះពាល់ដល់សុខភាព។ មួយវិញទៀត កញ្ញាលើកទឹកចិត្ដដល់កសិករកុំប្រើប្រាស់ជីគីមីជាដាច់ខាតប្រសិនបើដាំដំណាំហូបផ្លែ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner