ក្រសួងអប់រំណែនាំឱ្យនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ត្រូវរៀបចំយន្តការច្បាស់លាស់ក្នុងការបញ្ចូលការសិក្សាពេញមួយជីវិតទៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ត្រូវរៀបចំយន្តការច្បាស់លាស់ក្នុងការបញ្ចូលការសិក្សាពេញមួយជីវិតទៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ ដើម្បីផ្ដល់ឱកាសដល់អ្នកអប់រំក្រៅប្រព័ន្ធ និងមិនផ្លូវការ ទទួលបានការសិក្សាបន្តក្នុងកម្មវិធីផ្សេងៗទៀត។
ការណែនាំនេះត្រូវបានលើកឡើង ក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ក្នុងគោលបំណងពិនិត្យមើលពីទិដ្ឋភាពទូទៅ នៃការអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតនិងវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត កាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២៣។
ឯកឧត្តម ហង់ ជួន ណារ៉ុន លើកឡើងថា នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ត្រូវរៀបចំយន្តការច្បាស់លាស់ក្នុងការបញ្ចូលការសិក្សាពេញមួយជីវិតទៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ ជាពិសេសការបង្កឱកាសសម្រាប់អ្នកសិក្សាថ្នាក់អក្ខរកម្ម ឱ្យបានសិក្សាបន្តក្នុងកម្មវិធីផ្សេងៗទៀត។ ដូចនេះការរៀបចំកម្មវិធីសិក្សាឱ្យមានការទាក់ទាញ ការសិក្សា និងការវាយតម្លៃពីកម្មវិធីផ្សេងៗ ពង្រឹងកិច្ចសហការរវាងនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងអគ្គនាយកដ្ឋានយុវជន ព្រមទាំងដៃគូអភិវឌ្ឍ ការសិក្សាពីបទពិសោធន៍អន្តរជាតិ ក៏ដូចជាប្រទេសក្នុងតំបន់ ជាកិច្ចសំខាន់ ដែលត្រូវយកចិត្តទុកដាក់។
រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការសិក្សាពេញមួយជីវិតបានដាក់បញ្ចូលក្នុង SDG ឆ្នាំ២០១៥ និងត្រូវយកចិត្តទុកដាក់អនុវត្តនូវយុទ្ធសាស្រ្តនានានៅក្នុងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត រួមមាន ការផ្តល់សេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងមិនផ្លូវការដល់ពលរដ្ឋគ្រប់រូបឱ្យទទួលបានអក្ខរពុទ្ធិ លេខពុទ្ធិ បំណិនបច្ចេកទេសវិជ្ជាជីវៈ បំនិនអាជីព និងបំនិនអរូបវន្ត។ ជាពិសេស គឺទទួលស្គាល់លទ្ធផល និងសមត្ថភាពរបស់អ្នកទទួលសេវាការសិក្សាពេញមួយជីវិតតាមគ្រប់រូបភាព។
ជាមួយគ្នានេះឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បន្ថែមថា ការសិក្សាពេញមួយជីវិត ជាដំណើរការរៀនសូត្រតាំងពីនៅក្នុងផ្ទៃរហូតដល់ពេលចាប់កំណើត និងពេញមួយជីវិត។ លោកបន្តថា ការសិក្សាពេញមួយជីវិត បានផ្តល់ឱកាសសិក្សាដល់បុគ្គលគ្រប់រូប គ្រប់វ័យ ដោយឆ្លើយតបទៅនឹងតម្រូវការនៃការសិក្សាផ្សេងៗ របស់កុមារ យុវជន មនុស្សពេញវ័យ និងមនុស្សចាស់។ ក្រៅពីនេះ ការសិក្សាពេញមួយជីវិត ក៏ជាតម្លៃនៃគ្រប់បែបផែននៃការរៀនសូត្ររួមមាន ការអប់រំក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការផងដែរ។
អ្នកនាំពាក្យដដែលលើកឡើងថា ការអប់រំក្រៅប្រព័ន្ធ ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ដែលជំរុញឱ្យប្រជាជនកម្ពុជាក្លាយជាប្រជាពលរដ្ឋសកលស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទទីផ្សារការងារ ហើយការអប់រំក្រៅប្រព័ន្ធ ជាប្រព័ន្ធអប់រំផ្លូវការមួយ ដែលចូលរួមចំណែកសម្រេចនូវការអប់រំសម្រាប់ទាំងអស់គ្នា និងបង្កលទ្ធភាពឱ្យប្រជាពលរដ្ឋមាន ឱកាសទទួលបាននូវ ការអប់រំពេញមួយជីវិត កសាងសង្គមសិក្សា ប្រកបដោយសមធម៌ យុត្តិធម៌ និងអភិវឌ្ឍន៍សង្គម។
សម្រាប់បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា សម្តែងការគាំទ្រដែលក្រសួងអប់រំ មានការរៀបចំយន្តការច្បាស់លាស់ក្នុងការបញ្ជូលការអប់រំពេញមួយជីវិតទៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ ពីព្រោះមនុស្សទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ទាំងបំនិនជីវិត និងទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ។បណ្ឌិតបាននិយាយថាការបញ្ចូលការសិក្សាពេញមួយជីវិត ទៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធនេះ វាគឺជារឿងចាំបាច់ដែលមនុស្សនៅក្នុងសង្គមត្រូវទទួលការបណ្ដុះបណ្ដាលនេះគ្រប់វ័យ គ្រប់ទិន្នាការ និងគ្រប់ឋានានុក្រមក្នុងសង្គមទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់គ្មានការអប់រំនោះទេ៕ ដោយ៖ ជា សុខនី