ហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធឆ្មាំសមុទ្ររួមគ្នាលើកដំបូង
ម៉ានីល៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសមយុទ្ធឆ្មាំសមុទ្ររួមគ្នាលើកដំបូងមិនធ្លាប់មាន ខណៈដែលប្រទេសទាំងបីបាននិងកំពុងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្ររបស់ពួកគេ។
សមយុទ្ធឆ្មាំសមុទ្រច្រើនជាងមួយសប្តាហ៍នេះ នឹងត្រូវធ្វើឡើងនៅក្បែរមាត់ឈូងសមុទ្រម៉ានីល នៅឯសមុទ្រចិនខាងត្បូងដែលមានជម្លោះយ៉ាងក្តៅគគុក ដែលប្រទេសចិនទាមទារគ្រប់គ្រងស្ទើរតែទាំងស្រុង។

នាវាឆ្មាំសមុទ្រហ្វីលីពីនចំនួនបួនគ្រឿង នឹងចូលរួមនាវាឆ្មាំសមុទ្រអាមេរិក និងជប៉ុន សម្រាប់ការធ្វើសមយុទ្ធដែលផ្តោតលើការអនុវត្តច្បាប់ ការរុករក និងការជួយសង្គ្រោះ។ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Armando Balilo បាននិយាយនៅសប្តាហ៍នេះថា សមយុទ្ធនេះធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីរៀបចំសមយុទ្ធឆ្មាំសមុទ្រត្រីភាគី។

សហរដ្ឋអាមេរិក និងជប៉ុន គឺជាអ្នកផ្គត់ផ្គង់នាវាសំខាន់ៗ ដែលប្រើប្រាស់ដោយឆ្មាំសមុទ្រ និងកងទ័ពជើងទឹកហ្វីលីពីន ដើម្បីល្បាតដែនទឹក។ ចំណែកលោក Kenichi Matsuda អនុប្រធានបេសកកម្មប្រចាំស្ថានទូតជប៉ុននៅទីក្រុងម៉ានីល បាននិយាយនៅក្នុងពិធីមកដល់ នៃនាវាជប៉ុន និងអាមេរិកថា ក្នុងនាមជាប្រទេសដែនសមុទ្រ ជប៉ុនមានចំណែកដើម្បីគាំទ្រ និងការពារសណ្តាប់ធ្នាប់ដែនសមុទ្រដែលផ្អែកលើច្បាប់។

ក្រៅពីការធ្វើសមយុទ្ធខាងលើនេះ ជប៉ុន និងហ្វីលីពីនកំពុងពិភាក្សាគ្នាជាបឋមលើកតិកាសញ្ញាការពារជាតិដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកងទ័ពនៅលើទឹកដីប្រទេសរបស់គ្នាទៅវិញទៅមក សម្រាប់ការហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងទៀត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា