ឥណ្ឌា និងនេប៉ាល់សន្យាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពល
ញូវដែលី៖ មេដឹកនាំឥណ្ឌា និងនេប៉ាល់ នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងថាមពល និងសេដ្ឋកិច្ច ខណៈដែលឥណ្ឌាស្វែងរកការប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិននៅក្នុងប្រទេសនេប៉ាល់។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ផុស្សផា កាម៉ាល ដាហាល បានទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃពុធសប្តាហ៍នេះ ជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំមុន។
ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីនេប៉ាល់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយយ៉ាងដូច្នេះថា យើងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីនាំយកទំនាក់ទំនងរបស់យើងទៅកាន់កម្ពស់ភ្នំហិមាល័យ។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានយល់ព្រមលើការពង្រីកបំពង់បង្ហូរប្រេងរវាងប្រទេសទាំងពីរ ហើយបានពិនិត្យមើលវឌ្ឍនភាពលើគម្រោងវារីអគ្គិសនីដ៏សំខាន់ និងខ្សែបញ្ជូនថាមពលដែលដំណើរការពីប្រទេសនេប៉ាល់ទៅបង់ក្លាដែស តាមរយៈប្រទេសឥណ្ឌា។
មេដឹកនាំទាំងពីរក៏បានបើកដំណើរការសេវាកម្មដឹកទំនិញរវាងប្រទេសទាំងពីរ តាមផ្លូវដែកដែលត្រូវបានស្តារឡើងវិញកាលពីឆ្នាំមុនផងដែរ។
នាយករដ្ឋមន្រ្តីនេប៉ាល់ លោក ផុស្សផា កាម៉ាល ដាហាល បានសាទរចំពោះភាពជាដៃគូសេដ្ឋកិច្ចរបស់ប្រទេសគាត់ជាមួយឥណ្ឌា ដោយនិយាយថា វារីអគ្គិសនីរបស់នេប៉ាល់មិនត្រឹមតែអាចរួមចំណែកដល់សន្តិសុខសេដ្ឋកិច្ច និងថាមពលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់យើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

